គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ស្ទឹងត្រែង ១២ ១២ ២០១៩៖

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្រើនរំលឹកឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ផ្ចិតផ្ចង់រៀបចំការងារបោះឆ្នោត ទាំងសកលនិងអសកល តាមនិតិវិធី ប្រកបដោយតម្លាភាពមិនប្រកាន់បក្សពួកនិងគណៈបក្សនយោបាយណាឡើយ។
ក្នុងពីធីប្រកាសតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៩ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តត្រូវពង្រឹងការគ្រប់គ្រងដឹកនាំ អង្គភាព ឱ្យមានប្រសិទ្ធិភាព ដើម្បីធានា ដល់ការងារ បោះឆ្នោតគ្រប់ដំណាក់កាល ឱ្យប្រព្រឹត្តទៅប្រកប ដោយតម្លាភាព -ឯករាជ្យភាព អព្យាក្រឹត្យ និងសច្ចៈ យុត្តិធម៌ ។ ឯកឧត្តម មានប្រសាសន៍ទៀតថា៖ ក្នុងស្មារតីទទួលខុសត្រូវគ្រប់សមាជិកទាំងអស់ត្រូវបង្កើនការសាមគ្គីភាពល្អ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់វុធ អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឲ្យដំណើរការចុះ ឈ្មោះបោះ ឆ្នោត និងការបោះឆ្នោត ប្រព្រឹត្តទៅតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។
ឯកឧត្តមមានប្រសាសន៍ ណែនាំដល់ ប្រធាន អនុប្រធានដែលទើបនឹងតែងតាំងថ្មី ត្រូវខិតខំយកអស់កម្លាំង កាយ ចិត្ត ប្រាជ្ញាស្មារតី ក្នុងនាមជាអ្នកដឹកនាំអង្គភាព ដែលជាសេនាធិការឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ រិះរកវិធីសាស្រ្តល្អៗ ដើម្បីបង្កើនសមត្ថភាពជំនាញ ដល់មន្រ្តីក្រោមឱវាទ ឲ្យបានយល់ច្បាស់អំពី ច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។
លោក ហុង កុង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានប្តេជ្ញាអនុវត្តកាតព្វកិច្ចនេះឱ្យបានល្អប្រសើរទាំងការបោះឆ្នោតសកល និងអសកល សំដៅធានាបាននៅសន្តិសុខសណ្តាប់ធ្នាប់ របៀបរាប់រយ ទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរបៀបចំការបោះឆ្នោត បានប្រគល់ឲ្យ ។
លោកបន្តថាៈក្នុងនាមជាប្រធានទទួលដឹកនាំការងាររៀបចំការបោះឆ្នោតតំណាងឲ្យសមាជិករៀបចំការបោះឆ្នោតទាំងអស់ និងបន្តពង្រឹង ទំនាក់ទំនងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណៈបក្សនយោបាយ ដើម្បីធ្វើប្រតិបត្តិការការដឹកនាំ -គ្រប់គ្រង-រៀបចំប្រកបដោយតម្លាភាព-អព្យាក្រិត- សច្ចៈ-និងយុត្តិធ៌ម។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានភូមិចំនួន ១២៨ឃុំចំនួន៣០ ក្រុង១ សង្កាត់ចំនួន៤ មានប្រជាពលរដ្ឋរស់នៅចំនួន៣៤.៨៤០គ្រួសារនិងមានចំនួនប្រជាពលរដ្ឋ១៥៤.៥៧០នាក់ស្រី៧៧.១៩៣នាក់និងមានអាយុ១៨ឆ្នាំឡើង៨៣.៨៥៩នាក់។