រាជរដ្ឋាភិបាល ផ្ដល់ប័ណ្ណកម្មសិទ្ធលើដីសង្គមកិច្ចជូនប្រពលរដ្ឋនៅខេត្ដកំពង់ឆ្នាំងជាង៩០០គ្រួសារ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ជួន បូណា ១២ ១១ ១៩៖

រាជរដ្ឋាភិបាល បានផ្ដល់ប័ណ្ណកម្មសិទ្ធលើដីសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋជាង៩០០គ្រួសារ នៅខេត្ដកំពង់ឆ្នាំង ដែលជាអតីតកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ក្រីក្រ និង គ្រួសារយោធិន ដើម្បីសាងសង់លំនៅដ្ឋាន និងសម្រាប់ ធ្វើកសិកម្ម។
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការផ្តល់សម្បទានដីសង្គមកិច្ចនេះ គឺផ្តល់សំរាប់គ្រួសារក្រីក្រគ្រួសារដែលត្រូវផ្លាស់ប្តូរទីលំនៅបណ្តាលមកពីការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារយុទ្ធជន ដើម្បីឲ្យពួកគាត់ទទួលបានដីជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងការរស់នៅនិងប្រកបមុខរបរ ប្រចាំថ្ងៃ។ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យជូនសម្បទានិក និងសម្ភោធសមិទ្ធផលនានារបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II) នាព្រឹកថ្ងៃទី ១២ខែធ្នូ នេះ នៅខេត្ដកំពង់ឆ្នាំង ឯកឧត្តម បន្តថា ការផ្ដល់ជូនដីដល់ប្រជាពលរដ្ឋ នេះ ដោយមើលឃើញពីតម្រូវការដីចាំបាច់របស់ប្រជាពលរដ្ឋ ដែល ត្រូវការដី និងខ្វះដីពិប្រាកដ ។ឯកឧត្តម បញ្ជាក់ថា ប្រជាពលរដ្ឋ ដែលទទួលបានដីសម្បទាននេះ គឺត្រូវរស់នៅរយៈពេល ៥ ឆ្នាំយ៉ាងតិចនៅលើដីដែលទទួលបាន ហើយក្នុងរយៈពេលនេះ មិនអាចធ្វើ ការលក់ ដូរ ជួល ឬធ្វើអំណោយដល់អ្នកណាបានឡើយប៉ុន្តែអាចធ្វើសន្តតិកម្មបាន។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (២០១៦-២០១៩)នេះ ស្ថិតនៅស្រុកសាមគ្គីមានជ័យ។ឯកឧត្តម បញ្ជាក់ថា ទីតាំងទាំងនេះ ត្រូវបានស្នើសុំ ធ្វើអនុប្រយោគ ជា ដី ឯកជនរបស់រដ្ឋ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយកាត់ចេញពី ដីសម្បទានសេដ្ឋកិច្ច របស់ ក្រុមហ៊ុន ភាពីម៉ិច។ សូមបញ្ជាក់ថា សម្បទានិកដែលទទួលប័ណ្ណកម្មសិទ្ធ ចំនួន ជាង៩០០គ្រួសារ ស្មើនឹង ១ ៥០៦ ប័ណ្ណ ក្នុងនោះជូនសម្បទានិកគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) ចំនួន ៧៣២ គ្រួសារ ស្មើនឹង ១ ១៧៩ ប័ណ្ណ ក្នុងនោះ ៤១ ប័ណ្ណ សម្រាប់ដីរដ្ឋបាលសាធារណៈ ដែលស្ថិតនៅភូមិសុខសែនជ័យ ឃុំពាម ភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង និងភូមិខ្សាច់ស និងភូមិសំបុកក្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និងជូនសម្បទានិកដែលជាអតីតកងកម្លាំងប្រដាប់អាវុធ ចំនួន ១៧៤គ្រួសារ ស្មើនឹង ២៧៤ ប័ណ្ណ ក្នុងនោះចំនួន ១២ ប័ណ្ណ សម្រាប់ដីរដ្ឋ នៅភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ក្នុងមួយគ្រួសារទទួលបានដីលំនៅឋានទំហំ ៣០ គុណ ៤០ម៉ែត្រ និងដីកសិកម្មទំហំ ១ ហិចតា ស្មើៗគ្នា ៕