រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើងពីរាជាយស្ម័យយាន្តដល់រ៉ាសំរោង

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩៖

រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើងពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិសែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងមន្ត្រីជំនាញបានធ្វើដំណើរតាមរថភ្លើងដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនៅតាមបណ្ដោយផ្លូវរថភ្លើងដោយចាប់ផ្តើមចេញដំណើរពីស្ថានីយរថភ្លើង(មុខរ៉ា)រហូតដល់ស្ថានីយសំរោង ក្នុងគោលដៅឆ្ពោះទៅស្ថាបនាផ្លូវនេះឲ្យបានឆាប់។
ឯកឧត្តមឃួងស្រេងបានអះអាងថា គម្រោងស្ថាបនាផ្លូវនេះដើរតួរនាទីសំខាន់ណាស់ដែលជួយរំដោះការធ្វើចរាចរនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីយ៉ាងមានប្រសិទ្ធភាពខណៈផ្លូវហព័ន្ធរុស្សីបច្ចុប្បន្នលកំពុងប្រឈមការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរស្ទើជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ផងដែរថាផ្លូវសម្រាប់យានយន្តនៅសងខាងបណ្តោយផ្លូវរថភ្លើងខាងលើនេះត្រូវបានស្ថាបនាឡើងដោយកន្លែងខ្លះហើយ ពោលគឺកន្លែងខ្លះត្រូវបានស្ថាបនាជាបណ្តោះអាសន្នរួចដែលមានទទឹង៧ម៉ែត្រទៅ៥ម៉ែត្រហើយក្នុងនោះកន្លែងខ្លះក៏មិនទាន់មានការសាងសង់ផ្លូវដែរដោយនៅជាផ្លូវដីនិងកន្លែងខ្លះប្រជាពលរដ្ឋរស់នៅ៕