លោកស្រីអ៊ុងសាន ស៊ូជី បដិសេធការចោទប្រកាន់នៅមុខតុលាការអន្តរជាតិក្រុងឡាអេ

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង៖


លោកស្រី អ៊ុងសានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា បានការពារប្រទេសរបស់ លោកស្រី ប្រឆាំងនឹងការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍ទៅលើជនជាតិភាគតិច រ៉ូហ៊ីងយ៉ា នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិក្រុងឡាអេ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីល្ងាចថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ ២០១៩។
នៅមុខចៅក្រមក្នុងសវនាកា ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ បាន ថ្លែងថាគ្មានសកម្មភាពប្រល័យពូជសាសន៍ណាមួយ ធ្វើឡើងដោយកងទ័ពភូមា ទៅលើ ប្រជាជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាទេ។យោធាមីយ៉ាន់ម៉ាប្រហែលជាបានប្រើកម្លាំងមិនសមាមាត្រ ឬ ជ្រុលដៃ ហើយប្រសិនបើទាហានបានប្រព្រឹត្តិបទឧក្រិដ្ឋសង្គ្រាម ពួកគេ នឹងត្រូវទទួលការ កាត់ទោស។លោកស្រីក៏បានបន្ថែមថា បញ្ហារ៉ូហ៊ីងយ៉ាគឺជាជម្លោះប្រដាប់អាវុធផ្ទៃក្នុង មីយ៉ាន់ម៉ា ដែលបង្កឡើងដោយការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាទៅ លើ ប៉ុស្តិ៍សន្តិសុខរបស់រដ្ឋាភិបាល។ទោះយ៉ាងណាក៏ដោយ មេដឹកនាំមីយ៉ាន់ម៉ា រូបនេះនៅតែ ប្រកាន់ជំហរថា ការចោទប្រកាន់ប្រឆាំងនឹងមីយ៉ាន់ម៉ាថាបានបោសសម្អាតជនជាតិភាគតិច រ៉ូហ៊ីងយ៉ាគឺជាការផ្តោតមើលតែមួយជ្រុង ហើយវាមិនឆ្លើយតប ទៅនឹងតថៈភាពជាក់ស្តែង។
សូមបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ជាស្ថាប័នតុលាការអន្តរជាតិមួយដែល មានតួនាទីជាអ្នកដោះស្រាយ បណ្តឹងប្តឹង ដោយរដ្ឋសមាជិកមួយប្រឆាំងនឹងរដ្ឋសមាជិកមួយទៀត ឬជម្លោះរវាងរដ្ឋសមាជិក ប៉ុន្តែមិន មានសមត្ថកិច្ចបង្ខំឱ្យប្រទេសនានាគោរពតាមសេចក្តីសម្រេចរបស់ខ្លួនឡើយ៕
ប្រភព៖ សារព័ត៌មាន BBC