លោក មូន បញ្ជាក់អំពីតួនាទីរបស់អ្នកការទូតក្នុងការជំរុញ ការគាំទ្រអន្តរជាតិសម្រាប់ដំណើរការសន្តិភាពនៅកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃអ្នកការទូតក្នុងការលើកកម្ពស់ដំណើរការសន្តិភាពនៅកូរ៉េ និងការដាក់ចេញគោលនយោបាយជោគជ័យនៅបរទេសអំពីបញ្ហាផ្សេងៗដែលមិនទាន់សម្រេច ខណៈដែលលោកបានផ្តល់សិទ្ធិដល់ឯកអគ្គរដ្ឋទូតដែលទើបតែងតាំងថ្មីរាប់សិបនាក់ផងដែរ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិក លោក Lee Soo-hyuck និងប្រេសិតកំពូលៗ ១៣រូបផ្សេងទៀតនៅក្នុងប្រទេសក្រៅ ត្រូវបានគេផ្តល់លិខិតបញ្ជាក់នៅក្នុងពិធី Cheong Wa Dae ដែលនឹងត្រូវបង្ហាញដល់មេដឹកនាំនៃបណ្តាប្រទេសដែលពួកគេត្រូវបានតែងតាំងទៅប្រចាំការ។

លោក មូន បានប្រាប់ពួកគេថា «ជាមួយនឹងការកើនឡើងនៃជំហររបស់កូរ៉េខាងត្បូងនៅលើឆាកពិភពលោក តួនាទីរបស់អ្នកការទូតបានក្លាយជាមានសារៈសំខាន់ណាស់នៅក្នុងវិស័យផ្សេងៗ ដូចជាវិស័យការទូត សេដ្ឋកិច្ច និងវប្បធម៌ជាដើម»។

យោងតាមអ្នកនាំពាក្យកម្មវិធី Cheong Wa Dae លោកស្រី Ko Min-jung បានឱ្យដឹងថា លោក មូន បានអំពាវនាវឱ្យឯកអគ្គរដ្ឋទូតទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយបណ្តាប្រទេសដែលបានចាត់តាំងទៅ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ដំណើរការសន្តិភាពនៅកូរ៉េ។

លោក មូន បានចង្អុលបង្ហាញថា សហគមន៍អន្តរជាតិប្រឈមមុខនឹងបញ្ហាទូទៅ រួមទាំងអត្រាកំណើតទាប អត្រាគ្មានការងារធ្វើរបស់យុវជន សុខុមាលភាពសម្រាប់មនុស្សចាស់ ការប្រែប្រួលអាកាសធាតុ និងលក្ខខណ្ឌការងារថ្មីពីបដិវត្តឧស្សាហកម្មទី៤ ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)