ឆ្នាំ២០២០អាជ្ញាធរជាតិអប្សរាគ្រោងជួសជុលហេដ្ឋារចនាសម្ព័ន្ធ និង​លើកកម្ពស់សោភណភាពរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ

AKP សៀមរាប ថ្ងៃទី​​​១២ ខែធ្នូ ឆ្នាំ២០១៩–ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កាលពីព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រៅតែពីអាជ្ញាធរជាតិអប្សរាបានសហការជាមួយបណ្ដាដៃគូអន្តរជាតិជាច្រើនក្នុងការងារជួសជុល អភិរក្ស និងថែរក្សាប្រាសាទបុរាណនោះ អាជ្ញាធរជាតិអប្សរាខ្លួនឯង ក៏មានគម្រោងជាច្រើនសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការងារលើកកម្ពស់សោភណភាពរមណីយ ដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញថែមទៀតនៅក្នុងឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តមអគ្គនាយកបានមានប្រសាសន៍បញ្ជាក់ថា គម្រោងជួសជុលផ្លូវមួយចំនួនមានដូចជា ការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ចូលប្រាសាទបាគង និងព័ទ្ធជុំវិញប្រាសាទបាគង ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តី និងផ្នែកខាងជើងស្រះស្រង់ ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ ទៅដល់រង្វង់មូលកូនដំរី ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ ភ្នំបូក រហូតដល់ចំណុចស្ពានឆេះផ្លូវជាតិលេខ៦៦ ការជួសជុលផ្លូវពីប្រាសាទអង្គរវត្តមកព្រលានយន្តហោះអន្តរជាតិសៀមរាប ការជួសជុលផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបមកផ្លូវជាតិលេខ៦ត្រង់ចំណុចភ្លើងស្តុប និងការកែលម្អផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ចាប់ពីចំណុចបំបែកផ្លូវហ្សាលដឺហ្គោល រហូតទៅដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវជាតិលេខ៦។

ឯកឧត្តម ហង់ ពៅ បានឱ្យដឹងទៀតថា ចំពោះគម្រោងពាក់ព័ន្ធការលើកកម្ពស់សោភណភាពប្រាសាទ ដែលនឹងត្រូវដាក់ឱ្យអនុវត្តន៍នៅក្នុងឆ្នាំ២០២០នោះដែរ មានដូចជា គម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិស្រោចស្រពវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងជានិច្ច។ ពាក់ព័ន្ធនឹងសោភណភាពបរិវេណមុខប្រាសាទអង្គរវត្តនេះដែរ អាជ្ញាធរជាតិអប្សរានឹងបន្តពង្រីកតំបន់ទេសភាពបៃតងដើម្បីប្រែក្លាយទីនោះឱ្យកាន់តែស្រស់ស្អាត ព្រោះកន្លងមកអាជ្ញាធរជាតិអប្សរាបានអនុវត្តន៍រួចហើយនូវការដាំស្មៅ ដាំកូនឈើ ដាំដើមផ្កានៅផ្នែកខាងត្បូងមុខប្រាសាទអង្គរវត្តនៅពាក់កណ្តាលឆ្នាំ២០១៩។ ដូច្នេះការងារពង្រីកតំបន់ទេសភាពបៃតងនឹងត្រូវពង្រីកបន្តទៀត។ រីឯផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្តប្រវែង ៣៥០ម៉ែត្រក៏នឹងត្រូវជួសជុលកែលម្អដោយមានការរៀបចំប្រព័ន្ធរំដោះទឹក ដាំកូនឈើ ផ្លូវដើរ ចញ្ចើមផ្លូវ និងសួនច្បារផងដែរ ៕

ដោយ ហង្ស សៀក