ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំជាមួយក្រុមហ៊ុនទេសចរណ៍ដែលនាំភ្ញៀវតាមនាវា

AKP ព្រះសីហនុ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ — រសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន Angkor TK Travel & Tours និងក្រុមហ៊ុន Desd Nadion Asia Cambodia ដើម្បីឈ្វេងយល់ពីការខ្វះខាត ក្នុងការចូលរួមកែសម្រួលដោះស្រាយបានទាន់ពេលវេលា ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសតាមនាវា ។

ក្នុងកិច្ចប្រជុំមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនា មន្ទីរបរិស្ថាន និងប្រធានក្រុមហ៊ុនទេសចរណ៍ចំនួនពីរ ។

ឯកឧត្តម គួច ចំរើន បានស្វាគមន៍ក្រុមហ៊ុន Angkor TK Travel & Tours  និងក្រុមហ៊ុន Desd Nadion Asia Cambodia ដែលបាននាំភ្ញៀវទេសចរតាមនាវា មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ រួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រោះវិស័យទេសចរណ៍ វាមានសារ:សំខាន់ក្នុងការបង្កើនកំណើនសេដ្ឋកិច្ច ផ្តល់ការងារជូនប្រជាពលរដ្ឋ ។ ស្របតាមគោលនយោ បាយជាតិ ចាត់ទុកវិស័យទេសចរណ៍គ្មានផ្សែងនាំមកនូវកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើការទាក់ទាញកៀរគរភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុរបស់យើងកាន់តែច្រើនបន្ថែមទៀត ។ ទាមទារឱ្យយើងទាំងអស់គ្នាចូលរួមសហការកែលម្អសោភណភាព បរិស្ថាន និងរៀបចំបង្គន់អនាម័យតាមស្តង់ដារ ព្រមទាំងឱ្យមន្ទីរធម្មការនិងសាសនា មន្ទីរវប្បធម៌ ចូលរួមថែរក្សាសោភណភាព វប្បធម៌ ប្រពៃណី ដើម្បីកំណើនភ្ញៀវទេសចរ និងបង្កើនចំណូលថវិកា។

ដោយឡែក លោកឧកញ៉ា សាយ ជិញ ប្រធានក្រុមហ៊ុន Angkor TK Travel & Tours បានជម្រាបជូនថា ក្រុមហ៊ុន បានចាប់ផ្តើមដំណើរនៅឆ្នាំ២០០៥ នាំភ្ញៀវទេសចរមកពីអឺរ៉ុប និងអាម៉េរិក ក្នុងមួយឆ្នាំមានភ្ញៀវទេសចរប្រមាណជ ៥០.០០០នាក់ មកតាមនាវាទេសចរណ៍ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ពិសេសមកខេត្តព្រះសីហនុ ភ្ញៀវទេសចរដើម្បីមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ និងខ្លះទៀតបានបន្តទៅទស្សនារមណីយដ្ឋានអង្គរ ខេត្តសៀមរាប ទន្ទឹមនោះក៏បានស្នើសុំឱ្យរដ្ឋបាលខេត្តរៀបចំសណ្តាប់ធ្នាប់សាធារណៈពិសេសម៉ូតូរឺម៉កកង់បី និងតាក់ស៊ី ត្រូវមានក្រុមហ៊ុនធានារ៉ាប់រង ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ ព្រោះភ្ញៀវបរទេសត្រូវការជិះតាក់ស៊ី និងមធ្យោបាយផ្សេងៗដែលដឹកជញ្ជូនភ្ញៀវធានាបាននូវសុវត្ថិភាព ៕

ដោយ ងូ សុមុនី