ក្រសួងសង្គមកិច្ច ពង្រឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ដើម្បីធានាប្រសិទ្ធភាពក្នុងកាត់បន្ថយភាពក្រីក្ររបស់ជនពិការ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

MC ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា ពង្រឹងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ដើម្បីធានាប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការស្តារលទ្ធភាពពលកម្មកាយសម្បទា និងសតិបញ្ញា ការផ្តល់សេវាយុត្តិធម៌ ការការពារ និងទប់ស្កាត់ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញលើជនពិការ ។

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា មានប្រសាសន៍ ក្នុងវេទិកាពិភាក្សាស្តីពី ការទទួលបានសេវាយុតិ្តធម៌សម្រាប់ជនមានពិការភាព នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់និងរួមចំណែកលើកកម្ពស់ជនមានពិការភាពឲ្យទទួលបាននៅសិទ្ធិសេរីភាពស្មើៗគា្នការអភិវឌ្ឍនិងកែសម្រួលឲ្យមានលក្ខណៈងាយស្រួលនិងទំនាក់ទំនងចំពោះជនពិការ ការធានាសមភាពយេនឌ័រ ការលើកកម្ពស់សមត្ថភាពរបស់កុមារពិការជាដើម ។

ឯកឧត្តម បន្តថា យន្តការទំាងនេះធានាបានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព ហើយធ្វើឲ្យស្ថានភាពរបស់ជនពិការកម្ពុជាបានរស់នៅយ៉ាងល្អប្រសើរឡើង ។
សម្លេង ៖ »ក្រុមប្រឹក្សាសកម្មភាពជនពិការ បានរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៩-២០២៣ ដើម្បីបំពេញចំណុចខ្វះខាតនិងបំពេញបន្ថែម គោលនយោបាយដែលមានស្រាប់សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចូលពិការភាពទៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមនាពេលបច្ចុប្បន្ន ហើយផែនការនេះបានប្រកាសប្រើជាផ្លូវការផងដែរកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៩ ក្រោមអធីបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាតំណាងដ៍ខ្ពស់ខ្ពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» ។
សួមបញ្ជាក់ថា រាជរដ្ឋាភិបាលបានជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ លើកកម្ពស់សមត្ថភាពស្ថាប័នពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សង្គម និងសេដ្ឋកិច្ច ក្នុងទិសដៅបង្កើតកាលានុវត្តភាពការងារសម្រាប់ជនពិការ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍការងារសំខាន់ៗរបស់វិស័យពិការភាពនៅកម្ពុជា ៕