ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំនេះក្រោមប្រធានបទ“រួមសហការគ្នាបង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស

វិទ្យុជាតិកម្ពុជា: ស្រីផល
ភ្នំពេញ៖ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៣ឆ្នាំ២០១៩នេះប្រព្រឹត្តទៅក្រោមប្រធានបទ“រួមសហការគ្នាបង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស ដោយគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងរៀបចំឡើងនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៩ នាសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ទិវានេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។
សេចក្តីដដែលបានឲ្យដឹងថា ទិវាជាតិឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញសារដល់សាធារណជន អង្គការជាតិ អន្តរជាតិ វិស័យឯកជន មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័នកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងបុព្វជិតគ្រប់និកាយសាសនាទាំងឡាយទូទាំងប្រទេសកម្ពុជា ក្នុងន័យឲ្យមានការយល់ដឹង និងសហការ ចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស លើគ្រប់រូបភាព ដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា។
ប្រភពបានឲ្យដឹងទៀតថា អំពើជួញដូរមនុស្ស ត្រូវបានប្រទេស លើពិភពលោកទទួលស្គាល់ថា ជាបទឧក្រិដ្ឋដែលមិនអាចអត់អោនឲ្យបាន ហើយជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដែលមានចែងក្នុងច្បាប់ជាតិនិងច្បាប់អន្តរជាតិ។ បទល្មើសពាក់ព័ន្ធអំពើជួញដូរមនុស្សគ្រប់រូបភាពគឺជាបទល្មើសមួយដែលមានភាពស្មុគ្រស្មាញជាងបទល្មើសព្រហ្មទណ្ឌទូទៅ ទាំងឧបាយកល សកម្មភាព មធ្យោបាយ និងការកេងប្រវ័ញ្ច ដែលទាមទារឲ្យមានការយល់ដឹងខ្ពស់ និងការសហការទាំងក្នុងនិងក្រៅប្រទេស ដោយមិនមែនជាការទទួលខុសត្រូវ របស់ស្ថាប័ន ឬប្រទេសណាមួយ តែឯងនោះបានឡើយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវ “រួមសហការគ្នាបង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស៕