ក្រសួងសង្គមកិច្ចលើកកម្ពស់ជនពិការឲ្យទទួលបានយុត្តិធម៌ និងសេវាកម្ម

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាបង្កើនការលើកកម្ពស់ជនពិការឲ្យទទួលបានយុត្តិធម៌ និងសេវាកម្មផ្នែកច្បាប់ ដើម្បីធានាឲ្យពួកគេកាន់តែទទួលបានកិច្ចគាំពារ មិនរងគ្រោះដោយអំពើហឹង្សា និងការរំលោភបំពានសិទ្ធិផ្សេងៗ។

ឯកឧត្ដម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានអះអាងថា ក្រសួងបានសហការយ៉ាងជិតស្និទជាមួយដៃគូរអភិវឌ្ឍន៍រួមទាំងអង្គការជនពិការកម្ពុជា និងអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីលើកកម្ពស់សិទ្ធិរបស់ជនពិការ និងជួយពួកគេក្នុងការស្វែងរកយុត្តិធម៌រួមទាំងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន។
ថ្លែងក្នុងវេទិការពិភាក្សាថ្នាក់ជាតិស្ដីពីសិទ្ធិទទួលបានយុត្ដិធម៌ សម្រាប់ជនមានពិការភាព នាព្រឹកថ្ងៃទី១១ ខែធ្នូ នៅសណ្ឋាគារភ្នំពេញ ឯកឧត្ដមបានបញ្ជាក់ថា ការបង្កើនការទទួលបានយុត្តិធម៌និងសេវាកម្មចំពោះជនពិការនេះ បន្ទាប់ពីជនពិការទទួលបានសេវាផ្លូវច្បាប់នៅមានកម្រិតនៅឡើយ ពិសេសអវត្តមាននៃយន្តការបណ្តឹងសារទុក្ខដទៃទៀតដូចជាជំនួយផ្នែកច្បាប់ ជាដើម។
លោក ងិន សៅរ័ត្ន នាយកប្រតិបត្ដិអង្គការជនពិការកម្ពុជា បានលើកឡើងថា រដ្ឋភាគីត្រូវធានាពីសិទ្ធិទទួលបានប្រព័ន្ធយុត្តិធម៌ដែលមានប្រសិទ្ធភាពសំរាប់ជនពិការ ដោយឈរលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ។
លោកបន្ថែមថា ការបង្កើនប្រសិទ្ធភាពអោយជនពិការទទួលបានប្រព័ន្ធយុត្តិធម៌នេះ ដើម្បីដោះស្រាយទុក្ខលំបាករបស់ជនពិការ ខណៈដែលជនពិការភាគច្រើនមានភាពទន់ខ្សោយខ្វះ ចំណេះដឹង ដោយទាមទារឲ្យមានការយកចិត្តទុកដាក់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដល់សេវាស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ជាពិសេសសម្រាប់ជនពិការ គ-ថ្លង់និងជនពិការភ្នែក ក៏ត្រូវបានអភិវឌ្ឍផងដែរដូចជា៖ អក្សរស្ទាប ភាសាសញ្ញា ដើម្បីឲ្យជនពិការទទួលបានចំណេះដឹង និងទទួលបានព័ត៌មានគ្រប់គ្រាន់៕