អង្គការ Save the Children ប្រគល់គម្រោងអប់រំកុមារតូច និងមត្តេយ្យសិក្សានៅសហគមន៍ក្នុងបឹងទន្លេសាបឲ្យរាជរដ្ឋាភិបាលគ្រប់គ្រង

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

ភ្នំពេញ៖  អង្គការ Save the Children ប្រគល់គម្រោងអប់រំកុមារតូច និងមត្តេយ្យសិក្សានៅសហគមន៍ក្នុងបឹងទន្លេសាបឲ្យរាជរដ្ឋាភិបាលគ្រប់គ្រង បន្ទាប់ពីគម្រោងគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅតំបន់ផ្ទះបណ្តែតទឹក និងលិចទឹកនេះ ត្រូវបានអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០១៦ ដើម្បីបង្កើនការទទួលបានសេវាអប់រំដល់កុមារតូចៗប្រកបដោយគុណភាព។
លោកស្រី Elizabeth Pearce នាយិកាប្រចាំអង្គការ Save the Children បានឲ្យដឹងថា សមិទ្ធិផលនៃគម្រោងពង្រឹងការគាំពារ និងអភិវឌ្ឍកុមារតូច ដែលត្រូវដល់រាជដា្ឋភិបាលគ្រប់គ្រងនេះ មានអគារមត្តេយ្យសិក្សាថ្មីចំនួន៧កន្លែង នៅតំបន់ផ្ទះបណ្តែតទឹក និងលិចទឹកក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយពិធីប្រគល់នេះ នឹងធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូនេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១១ ខែធ្នូនេះ លោកស្រី បានបញ្ជាក់ថា គម្រោងនេះ បានជួយដល់ ១៣៧សហគមន៍ នៅក្នុងបឹងទន្លេសាប និងជុំវិញតំបន់លិចទឹកក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ឲ្យទទួលបានសេវាគាំពារ និងអភិវឌ្ឍន៍កុមារតូចប្រកបដោយគុណភាព តាមរយៈកម្មវិធីអប់រំកុមារតូចតាមផ្ទះ និងក្នុងសហគមន៍សម្រាប់កុមារអាយុចាប់ពី០ ដល់ ៥ឆ្នាំ ជាពិសេសកុមារដែលជួបការលំបាក។ លោកស្រីបន្តថា អគារមត្តេយ្យសិក្សាថ្មីចំនួន៧កន្លែងទាំងនៅក្នុងតំបន់បណ្តែតទឹក និងតំបន់លិចទឹកនេះ ត្រូវបានកសាងឡើងប្រកបដោយគុណភាពខ្ពស់បំផុត ទាំងបរិយាកាស និងស្តង់ដារកុមារជាទីមេត្រី ដើម្បីធានាថាកុមារស្ថិតនៅក្នុងកន្លែងមានសុវត្ថិភាព និងការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ លោកស្រី សង្ឃឹមថា គម្រោងនេះនឹងចូលរួមចំណែកដល់សុខុមាលភាពរបស់កុមារ និងគ្រួសារនៅក្នុងសហគមន៍ទាំងនេះ និងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ថា អង្គការ Save the Children បានចាប់ផ្តើមអនុវត្តគម្រោងគាំពារ និងអភិវឌ្ឍន៍កុមារតូចនៅតំបន់បណ្តែតទឹក និងលិចទឹកនេះនៅក្នុងឆ្នាំ ២០១៦ ក្រោមការឧបត្ថម្ភមូលនិធិពីមូលនិធិអភិវឌ្ឍន៍សង្គមរបស់រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈធនាគារពិភពលោក អង្គការ Save the Children អូស្រ្តាលី និងអង្គការ Save the Children ហុងកុង បន្ទាប់ពីមើលឃើញថា កុមារនៅតំបន់នោះ ខ្វះលទ្ធភាពទទួលបានការអប់រំ និងសុខភាពល្អប្រសើរ ដោយសារឳពុកម្តាយរបស់កុមារទាំង នោះមានជីវភាពក្រីក្រ។
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួងតែងតែគាំទ្រក្នុងការលើកកម្ពស់កម្មវិធីអប់រំកុមារចាប់តាំងពី០ ដល់៣ឆ្នាំ និងកុមារនៅក្នុងវ័យមត្តេយ្យសិក្សា ជាពិសេសកុមារដែលរស់នៅតំបន់ដាច់ស្រយាលជនបទ និងតំបន់ដែលពិបាកក្នុងការធ្វើដំណើរទៅដល់ឲ្យទទឡបានសេវាអប់រំសាធារណៈ ប្រកបដោយគុណភាព និងបរិយាបន្ន៕