កម្ពុជាចូលរួមកិច្ចប្រជុំស្តីពីឯកទេសកោសល្យវិច្ច័យសំណាកគ្រឿងញៀននៅទីក្រុងប៉េកាំង ប្រទេសចិន

វិទ្យុជាតិកម្ពុជា៖ដោយ លោក លឹម តុងហួត

គណៈប្រតិភូនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ទោ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីឯកទេសកោសល្យវិច្ច័យសំណាកគ្រឿងញៀន នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងគណៈកម្មាធិការជាតិត្រួតពិនិត្យគ្រឿងញៀនចិន។

កិច្ចប្រជុំនេះ បានប្រព្រិត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយមានសមាសភាពអញ្ជើញចូលរួមចំនួន៣៥រូប ជាមន្រ្តីអនុវត្តច្បាប់គ្រឿងញៀន និងមន្ត្រីឯកទេសកោសល្យវិច្ច័យសំណាកគ្រឿងញៀនមកពីបណ្តាប្រទេស ចំនួន១៥ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។

លោកស្រីឧត្តមសេនីយ៍ទោ ឈឹម សិទ្ធិបុណ្យរិទ្ធ បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍អំពីការគ្រប់គ្រង និងបច្ចេកទេសនៃការធ្វើកោសល្យវិច្ច័យសំណាកគ្រឿងញៀន និងសារធាតុគីមីដែលមន្រ្តីអនុវត្តច្បាប់គ្រឿងញៀនបង្ក្រាបបាន លើកកម្ពស់សមត្ថភាពជំនាញបច្ចេកទេសកោសល្យវិច្ច័យសំណាកគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីរកឲ្យឃើញនូវរាល់សមាសធាតុផ្សំ និងភាពសុទ្ធរបស់គ្រឿងញៀន ជំរុញ និងលើកកម្ពស់ការផ្លាស់ប្តូរលទ្ធផលកោសល្យវិច្ច័យសំណាកគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ដល់មន្រ្តីអនុវត្តច្បាប់គ្រឿងញៀន ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ប្រភេទ ប្រភព និងក្រុមឧក្រិដ្ឋជនគ្រឿងញៀនពាក់ព័ន្ធ និងជំរុញ និងលើកកម្ពស់ការកំណត់អំពីសមាសធាតុនៃសារធាតុគីមីផ្សំក្នុងការផលិតគ្រឿងញៀនខុសច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ និងបង្ក្រាបឱ្យបាននូវការបង្វែរសារធាតុគីមីផ្សំ ពីការប្រើប្រាស់ស្របច្បាប់យកទៅលួចលាក់សំយោគកែច្នៃផលិតគ្រឿងញៀនខុសច្បាប់របស់ពួកឧក្រិដ្ឋជនគ្រឿងញៀន៕