រដ្ឋសភាគាំទ្របេក្ខភាពសភាប៉ាគីស្ថានជាសមាជិកគណៈកម្មាធិការប្រតិបត្តិIPU

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី

MC: រដ្ឋសភាគាំទ្របេក្ខភាពសភាប៉ាគីស្ថានជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហភាពអន្តរសភា(IPU) ដើម្បីចូលរួមថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។
ថ្លែងក្នុងឱកាសទទួលជំនួបជម្រាបលា របស់ឯកឧត្តម អាំចាទ អាលី ហ្សឿរ (Amjad Ali Sher) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចប់អាណត្តិប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១១ ខែធ្នូនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជាក់ថា កាលពីខែតុលាកន្លងទៅនេះ សភាគាំទ្របេក្ខភាពសភាប៉ាគីស្ថានជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហភាពអន្តរសភា(IPU)។ ជាមួយគ្នានេះ ក៏បានត្រៀមខ្លួនគាំទ្របេក្ខភាពសភាប៉ាគីស្ថានជាប្រទេសសង្កេតការណ៍សម្រាប់វេទិកាអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា(AIPA)ផងដែរ។
សម្តេចពញាចក្រី ហេង សំរិន បានថ្លែងអរគុណចំពោះប្រទេសប៉ាគីស្ថាន ដែលបានបញ្ជូនអ្នកសង្កេតការណ៍ឋានៈខ្ពស់សមាជិកព្រឹទ្ធសភា មកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីឆ្នំា២០១៨កន្លងទៅ និងបានគ្រំាទ្រដល់ដំណើរការបោះឆ្នោតនេះ។ ជាមួយគ្នានេះ ក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តម អាំចាទ អាលី ហ្សៀរ នៅកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ឲ្យមានការរីកចម្រើនថែមមួយកំរិតទៀត សំដៅនាំមកនូវឧត្តមប្រយោជន៍ ដល់ប្រជាជាតិទាំងសងខាងផង និងរួមចំណែកដល់ការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងសកលលោកផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តម អាំចាទ អាលី ហ្សៀរ បានជម្រាបជូនសម្តេចពញាចក្រី វិញថា រយៈពេលជាង៦ឆ្នាំនៃការស្នាក់នៅកម្ពុជា ឯកឧត្តម បានរៀនសូត្រ និងដកស្រង់បទពិសោធន៍ជាច្រើនពីកម្ពុជា ជាពិសេស ឯកឧត្តមបានចាត់ទុកកម្ពុជាជាស្រុកកំណើតរបស់ខ្លួន។ ឯកឧត្តម កត់សម្គាល់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងប៉ាគីស្ថាន ដែលមានតំាងពីយូរមក បានរីកចម្រើនរឹងមាំជាលំដាប់ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទំាងពីរបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា។
សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំសភាប៉ាគីស្ថាន បានអញ្ជើញមកចូលរួមវេទិកាអន្តរសភា ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តបន្ទាប់ រួមមានមហាសន្និបាតប្រចំាឆ្នាំសភាតំបន់អាស៊ី(APA) និងកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) ជាដើម៕