FSB: អង្គការភេរវកម្មអន្តរជាតិជិត ៨០ បានរកឃើញ នៅក្នុងប្រទេសរុស្ស៊ីក្នុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ — ប្រធានសេវាសន្តិសុខសហព័ន្ធ(FSB) និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមរបស់អង្គការភេរវករអន្តរជាតិចំនួន ៧៨ ត្រូវបានគេរកឃើញនៅក្នុងប្រទេស រុស្ស៊ីក្នុងឆ្នាំនេះ នៅតាមបណ្តាស្រុកទាំងអស់របស់សហព័ន្ធ។

តុលាការបាននិយាយថា ការចោទប្រកាន់ពីអំពើភេរវកម្មនេះបានចោទប្រកាន់​ទៅលើ​បុរស ៧នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងមូស្គូ។

លោក Bortnikov បានប្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ NAC និងការិយាល័យកណ្តាល​ប្រតិបត្តិការ​       សហព័ន្ធថា ភ្នាក់ងារសន្តិសុខ និងកម្លាំងអនុវត្តន៍ច្បាប់បានរារាំងសកម្មភាព នៃ​ក្រុមសម្ងាត់ ៧៨ នៃសមាជិកអង្គការភេរវកម្មអន្តរជាតិរបស់ពួកគេ ដែលកំពុងរៀបចំផែន​ការ​​វាយប្រហារភេរ​វកម្ម​នៅតាមទីភ្នាក់ងាររដ្ឋ ការវាយប្រហារទៅលើបុគ្គលិកអនុវត្តន៍ច្បាប់ និង​បទឧក្រិដ្ឋទាក់​ទងនឹងអំពើភេរវកម្មផ្សេងៗទៀត។ រាល់សកម្មភាពរបស់ពួកគេ ត្រូវបានគេរាយ​ការណ៍នៅក្នុងស្រុក​សហព័ន្ធ​ទាំងអស់។

លោកបានកត់សម្គាល់ថា ទោះបីមានការខិតខំប្រឹងប្រែងបន្ត និងប្រតិបត្តិការជោគជ័យ​ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មទាំងនេះក៏ដោយ ក៏ក្រុមភេរវករអន្តរជាតិនៅតែបង្កការគំរាម​កំហែង​យ៉ាងធ្ងន់ធ្ងរដែរ ដោយលោកបានកត់សម្គាល់ថា អង្គការភេរវករអន្តរជាតិបន្តអនុវត្តន៍ការប៉ុនប៉ង​បង្កើតក្រុមសម្ងាត់ដែលមានគោលបំណងប្រព្រឹត្តការវាយប្រហារភេរវកម្ម៕

(ប្រភព TASS: បកប្រែដោយលោក មាស សំអុល)