សកម្មភាពផ្ទុះភ្នំភ្លើងនៅតែរារាំងការរុករកអ្នកដែលបាត់ខ្លួនក្នុងករណីផ្ទុះភ្នំភ្លើងនៅនូវែលសេឡង់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


សេចក្ដីថ្លែងការណ៍របស់ប៉ូលិសនូវែលសេឡង់បានឲ្យដឹងថា ករណីផ្ទុះភ្នំភ្លើងនៅកោះ White Island ធ្វើឲ្យមនុស្ស៦នាក់ស្លាប់ និង៨នាក់បាត់ខ្លួន ខណៈអ្នករបួស២៥នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតនៅមន្ទីរពេទ្យ ហើយសកម្មភាពក្រុមជួយសង្គ្រោះ និងរុករកអ្នកដែលបាត់ខ្លួនត្រូវរង់ចាំសិន ដោយសារភ្នំភ្លើងនេះកំពុងរញ្ជួយសារជាថ្មីម្តងទៀតកាលពីម៉ោងប្រហែល ៤ ទៀបភ្លឺព្រឹកនេះ ដោយកម្រិតនៃការរញ្ជួយបានកើនឡើងយ៉ាងខ្លាំង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩។
ប៉ូលិសនូវែលសេឡង់បានឱ្យដឹងទៀតថា ភ្នំភ្លើងលើកោះ White Island បានផ្ទុះឡើងក្នុងកម្រិតបង្គួរ ដោយវាបានជះកម្អែរផេះ មានឧស្ម័នពុល កម្ទេចកម្ទីផ្សេងៗ និងស្រទាប់ផេះដែលមានជាតិអាស៊ីតក្រាស់ៗ។តាមរបាយការណ៍ចុងក្រោយ យ៉ាងហោចណាស់មានភ្ញៀវទេសចរ ៤៧ នាក់មកពីជុំវិញពិភពលោកបានស្ថិតនៅលើកោះនេះនៅពេលមានការផ្ទុះ៕
ប្រភព៖ សារព័ត៌មាន BBC