សម្តេចតេជោហ៊ុនសែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជាជិត៧.០០០នាក់

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជៀង យ៉ារ៉េត៖

នៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យា ល័យឯកទេសនៃកម្ពុជា(CUS)ចំនួនជិត ៧.០០០ នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិងពិរ័ពណ៌កោះពេជ្រ។
លោក ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានឱ្យដឹងថា និស្សិតដែលទទួលសញ្ញាបត្រមានចំនួនសរុប ៦,៧៦២នាក់ ក្នុងនោះនារី ២,៧៦១នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត។និស្សិតទាំងនេះ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៧-២០១៨ និង ឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ នៅតាមទីតាំងសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងសាខាតាមខេត្តទាំង៦ រួមមាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តកំពត។
លោក ស្តើង សុខុម បានគូសបញ្ជាក់ថា ដើម្បីកសាងឱ្យបាននូវធនធានមនុស្ស ប្រកបដោយគុណភាព គុណតម្លៃ និងជោគជ័យឆ្នើមសម្រាប់សង្គមជាតិ សាកលវិទ្យាល័យ បានកំណត់នូវគោលការណ៍គ្រឹះក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួន ពោលគឺនិសិ្សត សាស្ត្រាចារ្យ បុគ្គលិកសិក្សា ត្រូវរៀន បង្រៀន ស្រាវជ្រាវ និង ផ្តល់សេវា កម្មប្រកបដោយគុណភាព សមត្ថភាពវិជ្ជាជីវៈ និង បុគ្គលិកលក្ខណសម្បត្តិល្អប្រពៃ។ ពោលមានធនធានមនុស្សល្អ គឺមានអ្វីៗទាំងអស់ ដែលល្អ និងល្អជាង។
ដើម្បីជួយនិស្សិតងាយស្រួលរកកន្លែងហាត់ការ ធ្វើកម្មសិក្សា ការងារស្ម័គ្រចិត្ត និងរកការងារធ្វើ សាកលវិទ្យាល័យ បានចុះអនុស្សរណៈយោគ យល់ ជាមួយបណ្តាក្រុមហ៊ុន និងស្ថាប័នក្នុងស្រុក ចំនួន៥៣២ ហើយនឹងបន្តជំរុញឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។ ជាមួយគ្នានេះ សាកលវិទ្យាល័យតែងបានចូលរួមវេទិកា និង សន្និសីទអន្តរជាតិ ធំៗក្នុងវិស័យអប់រំ មានជាអាទិ៍ សន្និសីទប្រចាំឆ្នាំស្តីពីអ្នកដឹកនាំអាជីពក្នុងវិស័យអប់រំ នៃតំបន់អាស៊ីប៉ាស៊ីហ្វិក QS-APPLE, វេទិកាថ្នាក់ដឹកនាំសាកលវិទ្យាល័យប្រចាំតំបន់អាស៊ី AUPF និង សិក្ខាសាលាស្តីពីការធានាគុណភាពអប់រំ របស់បណ្តាញសាកលវិទ្យាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ AUN-QA ជាដើម។
តាមលទ្ធផលនៃការអង្កេត និស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនាពេលនេះ បានបង្ហាញថា អ្នកមានការងារធ្វើ ស្មើ ៩៦,៣០% ដែលកំពុងបំពេញការងារក្នុងមុខតំណែងផ្សេងៗ ក្នុងនោះ ស្ថាប័នរដ្ឋ ៣២,៨៣%, ឯកជន ៤១,៨៥%, អង្គ ការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ១២,៦៧%, និង អាជីវកម្មផ្ទាល់ខ្លួន ៨,៩៥%៕