ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនអញ្ជើញសាកសុខទុក្ខលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្ត   ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន ដោយលោកកាយណា

រសៀលថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណះអភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ អញ្ជើញទៅសាកសួរសុខទុក្ខលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តកំពុងសម្រាកព្យាបាលរបួសដោយ​សារគ្រោះ​ថ្នាក់ចរាចរ​ណ៍​​ នៅមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង ដែលស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន បានសម្តែងនូវការសោកស្តាយចំពោះ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍រងរបួសនិងខូចខាតមធ្យោបាយធ្វើដំណើផងដែរ។ ឯកឧត្តមបានជម្រុញលើកទឹកចិត្តដល់អ្នកជម្ងឺត្រូវធ្វើយ៉ាងណាខិតខំព្យាបាល ថែទាំសុខភាព និងសម្រាកព្យាបាលឆាប់ជាសះស្បើយដើម្បីឆាប់បានបំពេញការងារឡើងវិញជាធម្មតា ព្រមទាំងបានសំណូមពរដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យនៃមន្ទីរពេទ្យយោធភូមិភាគទី៥ខេត្តបាត់ដំបង សូមមានការយកចិត្តទុកដាក់បន្ថែមទៀតលើការព្យាបាលអ្នកជម្ងឺ នឹងកោតសរសើដល់ថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូពេទ្យបានខិតខំបំរើលើសេវាថែទាំ ព្យាបាល និងការវះកាត់ផ្សេងៗប្រកបដោយវិជ្ជាជីវះនិងការទទួលខុសត្រូវខ្ពស់ ដែលនេះបង្ហាញពីការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោបាយ របស់សម្តេច អគ្គសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញបរិបូណ៌និងហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបគ្រប់ទីកន្លែង ជាពិសេសបច្ចុប្បន្នវិស័យសុខាភិបាលនៅប្រទេសកម្ពុជាយើងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃគួរអោយកត់សម្គាល់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិនក៏បានឧបត្ថម្ភនូវថវិកាចំនួន ១លានរៀល ជូនដល់លោក លឹម វាសនា ដើម្បីជួយសម្រួលក្នុងការព្យាបាលផងដែរ៕