ប្រជាកសិករ៤៣០គ្រួសារនៅស្រុកកោះញែក មិនព្រួយបារម្ភពីខ្វះទឹកសម្រាប់ប្រើប្រាស់ នៅរដូវប្រាំងទៀតឡើយ

វិទ្យុជាតិកម្ពុជា៖


ប្រជាកសិករចំនួន៤៣០គ្រួសារនៅស្រុកកោះញែកមិនព្រួយបារម្ភពីខ្វះទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងទៀតឡើយ បន្ទាប់ពីមន្ត្រីជំនាញចាប់ផ្ដើមសាងសង់ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ មានដូចជាទំនប់ទឹកមានប្រវែង១៩៥០ម៉ែត្រ និងប្រឡាយទឹក ១ខ្សែ ប្រវែង១៩៥០ម៉ែត្រ។នេះបើតាមការចុះផ្សាយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ខៀវ កាញារិទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ប្រភពបន្តថា ក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់ស្រែជ្រៃ (បាក់ខាំ) ក្នុងភូមិណងបួរ ឃុំណងឃីលឹក ស្រុកកោះញែក កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការសាងសង់ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ នៅក្នុងស្រុកកោះញែក នាពេលនេះ រួមមានទំនប់ទឹកមានប្រវែង១៩៥០ម៉ែត្រ និងប្រឡាយទឹក ១ខ្សែ ប្រវែង១៩៥០ម៉ែត្រ ដែលចំណាយថវិកាប្រមាណជា៦០ម៉ឺនដូល្លា ដែលជាគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ ទទួលជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម បន្តថាការសាងសង់ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ គឺដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ ក្នុងការផ្គត់ផ្គងទឹកស្រោចស្រព និងធ្វើកសិកម្ម ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្រ្តីជំនាញ រួមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាទំនប់ទឹក និងការប្រើប្រាស់ប្រភពទឹកឱ្យបានសមស្រប ចៀសវាងការខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង។
សូមមបញ្ជាក់ថាគម្រោងសាង់សង់ប្រព័ន្ធធារាស្រ្តស្រែជ្រៃនេះ អាចស្តុកទឹករហូតដល់ជាង ២លានម៉ែត្រគីប ហើយអាចស្រោចស្រពលើផ្ទៃដីស្រែរបស់ប្រជាកសិករចំនួន ១៦៧៩ហិកតា និងចំការ ២០៥ហិកតា ហើយប្រជាពលរដ្ឋដែលទទួលផលបានពីការប្រើប្រាស់ទំនប់ទឹកចំនួន ១៩៩០នាក់ ស្មើនឹង៤៣០គ្រួសារ៕