ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ និង​ឯកឧត្ដម​ គួច​ ចំរើន​ បើកការដ្ឋាន​ ​ស្តារអូរប្រឡាយទឹកកខ្វក់ ចំនួន៥ខ្សែក្នុងក្រុងព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ណារិទ្ធ​៖

ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ២០១៩​ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ញូន ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​បើកការដ្ឋាន​ ​ស្តារអូរប្រឡាយទឹកកខ្វក់ ចំនួន៥ខ្សែ នៅក្រុងព្រះសីហនុ ដើម្បីកែប្រែសោភ័នភាពក្រុងអោយល្អប្រសើរ។

ឯកឧត្ដម​ គួច​ ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងពីផែនការជាយុទ្ធសាស្ត្រដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តន៍បានជោគជ័យ តាមរយៈស្មារតីសាមគ្គីគ្នា ចិត្តគំនិតតែមួយ សកម្មភាពតែមួយ នៅក្នុងទិសដៅដើម្បីសម្រេចបាននូវផែនការប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយល្អសម្រាប់ប្រជាពលរដ្ឋ។

​ ឯកឧត្តម​ គួច​ ចំរើន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលសង់លំនៅឋានតាមអូរប្រឡាយ ឫដំបន់ដីជាប់ប្រឡាយទាំង៥ ទីតាំង សូមចូលរួមជាមួយអាជ្ញារធរ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឲ្យផែនការនៃការស្តាររអូរប្រឡាយទឹកកខ្វក់ ចំនួន៥ខ្សែ (អូរឈេីទាល​ អូរអេម៉ារីអូ​ អូរសំអាត​ អូរអណ្តូងអ៊ុនតាក់​ អូរស្ពានឆេះ)​ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបានភាពជោគជ័យ ដើម្បីរំដោះទឹកកខ្វក់ចេញ ពិសេសរំដោះទឹកជំនន់នៅរដូវវស្សាអោយបានទាន់ពេលវេលា ។