ដំណើរភាពយន្តចល័តចិន-កម្ពុជាបានបញ្ជាំងនៅខេត្តព្រៃវែងនារាត្រីថ្ងៃទី៩ធ្នូនេះ ដើម្បីផ្លាស់ប្ដូរវប្បធម៌ និងរឹតចំណងមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ

វិទ្យុជាតិកម្ពុជា៖លោកចេម ហួត

ព្រៃវែង៖ក្រុមការងារចាក់បញ្ចាំងភាពយន្តចល័តចិន-កម្ពុជាលើកទី៤បាននាំយកភាពយន្តដ៏ល្អ ឆើតឆាយសម្រាប់ចាក់បញ្ជាំងនៅខេត្តព្រៃវែង ក្នុងគោលបំណងផ្លាស់ប្ដូរវប្បធម៌ និងរឹតចំណង មេត្រីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត។

នៅរាត្រីថ្ងៃទី9 ខែធ្នូ ឆ្នាំ2019នេះ ក្រុមការងារនៃព្រឹត្តិការណ៍”ដំណើភាពយន្តចល័តចិន-កម្ពុជា លើកទី៤ បានចាក់បញ្ចាំងភាពយន្តដ៏ល្អឆើតឆាតរបស់ចិននិងកម្ពុជាចំនួន២រឿង នៅក្នុងបរិវេណ ដីឡូតិ៍ជិតសួនច្បារសម្តេច ជា ស៊ីម ក្រុងព្រៃវែង ខេត្តព្រៃវែង ដើម្បីឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្ស បានទស្សនាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើវិស័យ វប្បធម៌ សិល្បៈ ភាពយន្ត នៃប្រទេសទាំងពីរ។

ភាពយន្តដែលបានចាក់បញ្ចាំងនៅខេត្តព្រៃវែងនេះ គឺរឿងចិនមានចំណងជើងថា សួស្តីលោក មហាសេដ្ឋី! និងរឿងខ្មែរមានចំណងជើងថា ម្ចាស់កាំបិតត្នោត ដែលមានអ្នកចូលរួមទស្សនា ប្រមាណជា500នាក់។

លោក អ៊ុក សេរីវុធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានមានប្រសាសន៍ថា លោក សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រឹត្តិការណ៍ការចាក់បញ្ចាំងភាពយន្តចល័តចិនខ្មែរនៅលើទឹកខេត្តព្រៃវែងនេះ ព្រោះវាបានរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ ភាពយន្តរវាងកម្ពុជា និងចិនកាន់តែរស៊ីជម្រៅ និងមានចំណងមេត្រីភាពកាន់តែរឹងមាំថែមមួយ កម្រិតទៀតចាប់ពីទីក្រុងរហូតដល់ជនបទ។

ជាមួយគ្នានោះដែរ ក្រុមយុវជនដែលបានមកទស្សនាភាពយន្តនេះបានបង្ហាញនូវការពេញចិត្ត យ៉ាងខ្លាំង និងមានបំណងចង់ឱ្យមានព្រឹត្តិការណ៍ដូចនេះនៅលើកក្រោយៗទៀត។

ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤”នេះ ធ្វើឡើងស្របពេលរដ្ឋាភិបាល នៃប្រទេសទាំងពីរចិននិងកម្ពុជាចាត់ទុកថា ឆ្នាំ២០១៩នេះ ជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាជួយជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យវប្បធម៌ សិល្បៈ ភាពយន្តរវាងកម្ពុជានិងចិនឱ្យកាន់តែស៊ីជម្រៅ និងមានចំណងមេត្រីភាព កាន់តែរឹងមាំមួយកម្រិតទៀត។

តាមផែនការ ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤” ឆ្នាំ2019នេះ នឹងនាំ យកនូវភាពយន្តល្បីៗជាច្រើនរឿងទៅចាក់បញ្ចាំងនៅខេត្ត តាកែវ កំពត និងខេត្តកណ្តាលបន្តទៀត បន្ទាប់ពីបានចាក់បញ្ចាំងនៅខេត្តប៉ៃលិន ឧត្តរមានជ័យ ក្រចេះ និងខេត្តត្បូងឃ្មុំរួចមកហើយនោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅដែលត្រូវចាក់បញ្ចាំងនៅទូទាំងប្រទេស ខណៈដែលព្រឹត្តិការណ៍ នេះ បានរៀបចំនៅខេត្តចំនួន២៤រួចមកហើយ ដោយមានទស្សនិកជនប្រមាណជាង១០ម៉ឺននាក់ ចូលរួមទស្សនា៕