អង្គការGRET របស់ប្រទេសបារាំងបន្តជួយលើកកម្ពស់ការងារកសិកម្មនៅកម្ពុជាគ្មានថ្ងៃបញ្ចប់

វិទ្យុជាតិកម្ពុជា៖ កង. មុន្នីរ៉ា

 

MC៖  អង្គការGRET ដែមានមូលដ្ឋាននៅប្រទេសបារាំង បន្តជួយលើកកម្ពស់ការងារកសិកម្ម នៅប្រទេសកម្ពុជា ដោយគ្មានថ្ងៃបញ្ចប់ ដើម្បីធានាឲ្យកសិករកាន់តែមានជំនាញច្បាស់លាស់លើ វិស័យកសិកម្មដែលជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។អ្នកយកពត៌មានយើងធ្វើសេចក្តីរាយការណ៍

 

ប្រធានគ្រប់គ្រង នៃអង្គការ GRET មានប្រសាសន៍ថា បច្ចុប្បន្នអង្គការ GRET បានកំពុង ធ្វើប្រតិបត្តិការជួយបណ្តុះបណ្តាលបច្ចេកទេស ដាំដំណាំមិនប្រើប្រាស់សារធាតុគីមី ដល់កសិករ ខ្នាតតូច នៅខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីជួយគាំពារបរិស្ថាន រក្សាសន្តិសុខស្បៀង និង សុខភាព របស់កសិករ។

លោក HENRY DE CAZOTTE ប្រធានអង្គការ GRET ប្រចាំនៅប្រទេសបារាំង មានប្រសាសន៍ អង្គការGRET បានជួយកសិករខ្នាតតូចនៅខេត្តសៀមរាបនេះ ក្នុងគោលបំណងទី១ ដើម្បីជួយបង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពកសិករ, ទី២ កែប្រែទំលាប់ពីការប្រើប្រាស់ ជី និង ថ្នាំគីមី ដែលធ្វើឱ្យប៉ះពាល់ដល់ជីវជាតិដីនិងបរិស្ថានឲ្យមកប្រើប្រាស់ផលិតផលធម្មជាតិជំនួសវិញ ហើយទី៣ បញ្ហាសុខភាពអ្នកទទួលទាន។

សំលេងៈ យើងធ្វើម៉េច ឱ្យកសិករមានសន្តិសុខអាហារ សន្តិសុខស្បៀង សុវត្ថិភាព ទាក់ទង​ទៅនឹងការ​កាត់បន្ថយការប្រើប្រាស់ថ្នាំពុល និយាយជារួមទៅធ្វើយ៉ាងម៉េចឱ្យមាន​ជីវភាពប្រសើរ​ទ្បើង សុវត្ថិភាពសុខភាព មានចំណីអាហារគ្រប់គ្រាន់។

 

លោកប្រធានអង្គការរូបនេះ មានប្រសាសន៍បន្តថា នៅថ្ងៃខាងមុខអង្គការGRET នឹងបន្តជួយ  ការងារក្សេត្រកសិកម្មបែបអេក្រូទ្បូជី និង ផ្នែកធនធានទឹក រួមនឹងការងារជាច្រើនទៀតដែលទាក់ទង ទៅនឹងវិស័យកសិកម្មនេះជាបន្តទៀត នៅក្នុងតំបន់ផ្សេងៗទៀតរបស់ប្រទេសកម្ពុជាផងដែរ។

 

លោក ទូច សុខារិទ្ធ អ្នកសម្របសម្រួលគម្រោង អង្គការ GRET ប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា សព្វថ្ងៃ GRET បានធ្វើការជាមួយកសិករចំនួន៦០គ្រួសារដាំដំណាំសុវត្ថិភាព នៅក្នុងឃុំចំនួន៣ គឺឃុំ ដាន់រុណ, ឃុំ គាមសង្កែ និង ឃុំ តាយ៉ែក ហើយ បច្ចុប្បន្ន លោកកំពុង ជំរុញដល់កសិករប្រមាណ៣០០នាក់ផ្សេងទៀត ដែលកំពុងធ្វើដំណាំកសិកម្ម ប្រើប្រាស់ជី និង ថ្នាំគីមី ឲ្យងាកមកដាំដំណាំដែលប្រើប្រាស់ជី និង ថ្នាំធម្មជាតិវិញ ដើម្បីធានាសុវត្ថិភាពដល់ អ្នកបរិភោគ។

សូមបញ្ជាក់ថាៈ អង្គការGRET បានជួយលើផ្នែកកសិកម្មជាច្រើននៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ។ ដោយដំបូងជួយកសិករខ្នាតតូចធ្វើកសិកម្មនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ហើយការងារនេះបានបន្តជួយដល់កសិករខ្នាតតូចនៅនៅខេត្តសៀមរាប ចាប់ឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ហើយថ្ងៃខាងមុខ នឹងបន្តការងារនេះ ជួយទៅដល់ប្រជាកសិករខ្នាតតូច របស់កម្ពុជានៅតាមតំបន់ផ្សេងៗទៀត៕