ព្រឹទ្ធសភាគាំទ្រឱ្យរាជរដ្ឋាភិបាលចំណាយថវិកាប្រមាណជាង៨ពាន់លានដុល្លារ សម្រាប់កិច្ចអភិវឌ្ឍន៍នាឆ្នាំ២០២០ខាងមុខ

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា
MCព្រឹទ្ធសភាបានគាំទ្ររាជរដ្ឋាភិបាលលើការប្រើប្រាស់ថវិកាប្រមាណ៨២២៣លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ចំណាយលើការអភិវឌ្ឍនានានៅក្នុងឆ្នាំ២០២០ខាងមុខនេះ ដើម្បីជំរុញឲ្យកាន់មានសន្ទុះរីកចំរើនទៅមុខទៀត។
ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ សម្តេច វិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា បានអនុម័តគាំទ្រទំាងស្រុង នូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ ក្នុងទំហំទឹកប្រាក់ប្រមាណជាង៨លានដុល្លា គឺកើនឡើង២៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដើម្បីការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចំរើន។ឯកឧត្តម ម៉ម ប៊ុននាងអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំថា សមាជិកព្រឹទ្ធសភាទាំងអស់បានពិនិត្យឃើញថា ថវិកាដែលរាជរដ្ឋាភិបាលស្នើក្នុងច្បាប់ថវិកាឆ្នាំ២០២០នេះ គឺពិតជាត្រឹមត្រូវស្របតាមការចំណាយរបស់រដ្ឋក្នុងការអភិវឌ្ឍជាតិ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា កំណើនខ្ទង់ចំណាយរបស់សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០នេះ គឺសម្រាប់ចំណាយលើប្រាក់បៀវត្សមន្ត្រីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងការអភិឌ្ឍជាតិលើគ្រប់វិស័យ។
យោងតាមម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២០ បានកំណត់នូវ សូចនាករថា ផលិតផលសរុបក្នុងស្រុកសម្រាប់មនុស្សម្នាក់ នៅឆ្នាំ ២០២០ខាងមុខនេះ នឹងកើនដល់១៨១៦ដុល្លារសហរដ្ឋអាមេរិក។
ក្នុងសម័យប្រជុំព្រឹកមិញនេះដែរ អង្គប្រជុំព្រឹទ្ធសភា ក៏បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង២០១៨, សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម នៃច្បាប់ស្តីពីសហជីព ,សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទបញ្ញត្តិនៃអនុសញ្ញា សហប្រជាជាតិស្តីពីច្បាប់សមុទ្រ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រី ផ្លាស់ទីមធ្យមនិងផលស្តុកត្រីផ្លាស់ទីឆ្ងាយផងដែរ៕