ផ្ទុះភ្នំភ្លើងនៅប្រទេសនូវែលសេឡង់ខណៈមានភ្ញៀវទេសចរប្រមាណជាង ១០០នាក់ ស្ថិតនៅជុំវិញតំបន់ដែលផ្ទុះ

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

ភ្ញៀវទេសចរប្រមាណជាង ១០០នាក់បានស្ថិតនៅជុំវិញតំបន់ភ្នំភ្លើងដែលកំពុងផ្ទុះលើកោះ White Island នៃប្រទេសនូវែលសេឡង់ខណៈពេលនេះសេចក្តីរាយការណ៍ភ្លាមៗបានបញ្ជាក់ថា ភ្ញៀវទេសចរច្រើននាក់បានទទួលរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី ០៩ ខែធ្នូ ឆ្នាំ ២០១៩។
លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នាយករដ្ឋមន្ត្រីនូវែលសេឡង់បានឲ្យដឹងថា គ្រោះធម្មជាតិផ្ទុះភ្នំភ្លើងនៅកោះ White Island គឺជារឿងហេតុការណ៍បន្ទាន់ និងអាចវិវឌ្ឍបន្ថែមទៀត ដែលការផ្ទុះនេះបានកើតឡើងនៅម៉ោង២ ៣០នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងនៅនូវែលសេឡង់)ដោយមានមនុស្ស ១០០ នាក់នៅក្បែរនោះ ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិនូវែលសេឡង់បានព្រមានពីគ្រោះថ្នាក់ដែលអាចកើតមានឡើងដល់ប្រជាជនដែលរស់នៅក្បែរតំបន់នោះ អោយដឹងអំពីឥទ្ធិពលផលប៉ះពាល់គ្រោះថ្នាក់នៃការធ្លាក់ផេះភ្នំភ្លើងនេះ ខណៈផ្សែងនិងកំទេចកំទីកំពុងខ្ទាតទៅក្នុងអាកាស។
សូមបញ្ជាក់ថាកោះ White Island ស្ថិតនៅភាគខាងជើងប្រទេសនូវែលសេឡង់ គឺជាទិសដៅទេសចរណ៍មួយដែលមានដំណើរកម្សាន្តជារៀងរាល់ថ្ងៃនិងមានជើងហោះហើរមើលទេសភាពគួរឱ្យចង់ទស្សនា៕ ប្រភព៖ សារព័ត៌មាន BBC