ក្រសួងសាធារណការ បញ្ជាគ្រឿងចក្រចេញស្តារប្រឡាយ៥ខ្សែនៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាគ្រឿងចក្រឲ្យចេញស្តារអូរ និងប្រឡាយចំនួន៥ខ្សែនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយវិបត្តិជំនន់ទឹកភ្លៀងដែលតែងតែវាយលុកក្នុងប៉ុន្មានឆ្នាំជាប់ៗគ្នាចុងក្រោយនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គ្រឿងចក្រដែលត្រូវចុះទៅស្តារអូរ និងប្រឡាយចំនួន៥ខ្សែនៅក្នុងខេត្តព្រះសីហនុនេះ មានដូចជា អូរឈើទាល អូរអេម៉ារីអូ អូរសំអាត អូរអណ្តូងអ៊ុនតាក់ អូរស្ពានឆេះ ។
ថ្លែងក្នុងពិធីបើកការដ្ឋានការងារស្តារអូរប្រឡាយទាំង៥ ខ្សែនៅខេត្តព្រះសីហនុ ថ្ងៃទី៩ ខែធ្នូនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានឲ្យដឹងថា ក្រសួងគ្រោងថវិកាប្រមាណ១០ពាន់លានរៀល សម្រាប់ចំណាយ លើការស្តារអូរ និងប្រឡាយទាំង៥ខ្សែនេះ ដើម្បីបើកមុខទឹក និងដោះស្រាយជំនន់ទឹកភ្លៀង ខណៈក្នុងក្រុងបាននឹងកំពុងខិតខំក្នុងការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងការពង្រីកប្រព័ន្ធលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្តផ្សេងទៀត។
យោងតាមសេចក្តីព្រាងផែនការមេដែលសិក្សាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិន បានប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ៤ម៉ឺន៧ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦ម៉ឺន៤ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន បរិមាណនេះបានកើនដល់៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។
សម្រាប់ផែនការមេ រាជរដ្ឋាភិបាលគ្រោងបង្កើនសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុឲ្យដល់៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅក្នុងរង្វង់១០ឆ្នាំខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍដ៏ឆាប់រហ័ស ជាមួយនិងកំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅទីក្រុងជាប់ឆ្នេរសមុទ្រមួយនេះ។ ផែនការមេ បានបែងចែកផ្ទៃប្រមូលទឹកកខ្វក់ចំនួន៨ ដោយត្រូវសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ និងការសាងសង់បណ្តាញលូមេប្រវែង១៥៧គីឡូម៉ែត្រ បណ្តាញលូមេរងប្រវែង៦៥គីឡូម៉ែត្រ និងបណ្តាញលូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង២១០គីឡូម៉ែត្រ។
សូមបញ្ជាក់ថា ប្រព័ន្ធទឹកកខ្វក់ដែលមានស្រាប់ក្នុងទីក្រុងព្រះសីហនុ ត្រូវបានរៀបចំសាងសង់ និងដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០០៦ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គ្រប់ដណ្តប់លើសង្កាត់លេខ១ សង្កាត់លេខ២ និងសង្កាត់លេខ៤ ដែលតំបន់សេវាមានជាង២០០ហិកតា ហើយស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ស្ថិតនៅទិសអាគ្នេយ៍នៃឆ្នេរអូឈើទាលដែលមានផ្ទៃដីចំនួនជាង១៦ហិកតា មានសមត្ថភាពធ្វើប្រព្រឹត្តកម្មបានតែ៦.៩០០ម៉ែត្រគូប ក្នុងមួយថ្ងៃប៉ុណ្ណោះ និងមានបណ្តាញលូទឹកកខ្វក់ប្រវែងជិត៦៦គីឡូម៉ែត្រ ក្នុងនោះមានលូមេប្រវែង៧,៥គីឡូម៉ែត្រ ដោយចំណាយទុនវិនយោគអស់ប្រមាណជាង១១លានដុល្លារអាមេរិក៕