មន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ចូលរួមសែ្វងយល់បទពិសោធន៍ថ្មីៗពីកម្មវិធីវិទ្យុអាស៊ាន

វិទ្យុជាតិកម្ពុជា ស៊ឹង សុផារី

Mc : មន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ចូលរួមសែ្វងយល់បទពិសោធន៍ថ្មីៗពីកម្មវិធីវិទ្យុអាស៊ាន ដើម្បីបង្កើនចំណេះដឹងជំនាញសារព័ត៍មានវិទ្យុវ័យក្មេង និងចែករំលែកគន្លឹៈជោគជ័យក្នុងការផលិតកម្មវិធីវិទ្យុក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។

ថ្លែងក្នុងកម្មវិធី ផ្លាស់ប្តូរបទពិសោធន៏ល្អបំផុតរបស់វិទ្យុអាស៊ាន នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាព្រឹកថ្ងៃទី 9 ខែធ្នូ ឆ្នាំ2019 នេះ លោក វ៉ូរ៉ាសាក់ ប្រាវង្សវៀងខាំ ( Vorasack PraVongViengKham ) អគ្គនាយករងនៃវិទ្យុជាតិឡាវ និងជាប្រធាននៃអនុគណៈកម្មាធិការព័ត៍មាន បានមានប្រសាសន៏ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលជាសមាជិកអាស៊ាន ជាពិសេសបង្កើនការបន្តកិច្ចសហប្រតិបត្តិការ និងការផលិតរួមគ្នា នាពេលបច្ចុប្បន្ន និងក្នុងពេលអនាគតក្នុងចំណោមបណ្តាញឧស្សាហកម្មវិទ្យុវ័យក្មេង ដើម្បីយល់ដឹងពីកម្មវិធី ” យល់ដឹងពីអាស៊ាន ” សំរាប់ដាក់បញ្ចូលកម្មវិធីនេះ ទៅក្នុងការផ្សាយរបស់វិទ្យុក្នុងប្រទេសសមាជិកអាស៊ាន យ៉ាងតិច2ម៉ោងក្នុង1សប្តាហ៍។លោក បញ្ជាក់ថា ការសិក្សា និងចែករំលែកការអនុវត្តល្អបំផុតនេះ បានផ្តល់អត្ថប្រយោជន៏យ៉ាងសំខាន់ ទៅលើការបង្ហាញផ្លូវដល់អ្នកផលិត និងអ្នកអានព័ត៍មានវិទ្យុវ័យក្មេង ពីរបៀបនៃការគ្រប់គ្រង និង ការប្រើប្រាស់បច្ចេកវិទ្យាថ្មី សំរាប់វិទ្យុក្នុងប្រទេសនីមួយៗ ។
លោក សុក សុធារ៉ា លេខាធិការទី១ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានមានប្រសាសន៏ថា ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យនេះ នឹងជួយពង្រឹង ទំនាក់ទំនង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍លើវិស័យវប្បធម៌ ព័ត៌មាន និងផ្សព្វផ្សាយ ដែលជាប្រយោជន៍នៃការស្វែងយល់ពីគ្នាកាន់តែស៊ីជម្រៅ ក្នុងនាមជាប្រទេសក្នុងក្របខ័ណ្ឌអាស៊ាន។
សំឡេង : ក្នុងការចូលរួមកម្មវិធីនេះខ្ញុំមានការរីករាយនៅក្នុងការបានស្គាល់ ពីការចូលរួមរបស់បណ្ដាប្រទេសអាស៊ានជាពិសេសក្នុងវិស័យវិទ្យុដើម្បីចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយក៏ជាការផ្លាស់ប្ដូរបទពិសោធន៍ ល្អឱ្យគ្នាទៅវិញទៅមក ដើម្បីជាការរួមចំណែកពង្រឹងនិងពង្រីកវិស័យវិទ្យុរបស់ប្រទេសកម្ពុជា និងបណ្ដាប្រទេសអាស៊ានទាំងមូលផងដែរ ។
សូមបញ្ជាក់ថា កម្មវិធី ផ្លាស់ប្តូរបទពិសោធន៏ល្អបំផុតរបស់វិទ្យុអាស៊ាន ប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ៨ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩នៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន រួមមានប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី និង ប្រ៊ុយណេ ។