លោក ដូណាល់ ត្រាំ ព្រមានកូរ៉េខាងជើងកុំឱ្យជ្រៀតជ្រែកចំពោះការបោះឆ្នោត ជ្រើសរើសរបស់លោកសារជាថ្មី

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនគិតថា កូរ៉េខាងជើងនឹងចូលរួមក្នុងសកម្មភាពអរិភាព និងជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលខាងមុខនោះទេ ដែលនេះជាការព្រមានជាក់ស្តែងមួយដែលថាប្រទេសកុម្មុយនិស្តមួយនេះមិនគួរធ្វើសកម្មភាពបង្កហេតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ឱកាសជ្រើសរើសឡើងវិញរបស់លោកឡើយ។

លោក ត្រាំ ត្រូវបានគេដកស្រង់សម្តីនៅពេលដែលលោកនិយាយប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា «ខ្ញុំនឹងមានការភ្ញាក់ផ្អើល ប្រសិនបើប្រទេសកូរ៉េខាងជើងធ្វើសកម្មភាពអរិភាព»។ គាត់ដឹងថា ខ្ញុំនឹងមានការបោះឆ្នោតមួយដែលនឹងកើតឡើង។ ខ្ញុំមិនគិតថា គាត់ចង់ជ្រៀតជ្រែកក្នុងរឿងនោះទេ ប៉ុន្តែយើងត្រូវតែរង់ចាំមើល»។

ការកត់សម្គាល់នេះបានធ្វើឡើងនៅពេលដែល កូរ៉េខាងជើងបានបង្កើនសម្ពាធទៅលើសហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ខ្លួនសម្រាប់សំណើចរចាថ្មីមួយនៅចុងឆ្នាំនេះ ដោយលើកឡើងយ៉ាងមុតមាំថា បើមិនដូច្នេះទេ វាអាចជាការចាប់ផ្តើមការសាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ឡើងវិញ។

លោក ត្រាំ បានកោតសរសើរអំពីការផ្អាកការសាកល្បងនុយក្លេអ៊ែរ និង ICBM របស់កូរ៉េខាងជើង ដែលនេះជាសមិទ្ធិផលដ៏សំខាន់មួយរបស់លោក។

លោក ត្រាំ បានព្រមានជាការឆ្លើយតបថា សហរដ្ឋអាមេរិកអាចនឹងប្រើកម្លាំងយោធាប្រឆាំងនឹងកូរ៉េខាងជើងប្រើសិនបើមានការចាំបាច់ ហើយបានចាត់ទុកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាជា «រ៉ូកែតមេន»។

កាលពីព្រឹកថ្ងៃសៅរ៍ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម សុង បាននិយាយថា ការរំសាយអាវុធនុយក្លេអ៊ែរត្រូវបានគេយកចេញពីតុចរចាជាមួយសហរដ្ឋអាមេរិករួចហើយ។

លោក គីម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយ បន្ទាប់ពីអង់គ្លេស និងប្រទេសចំនួន ៥ផ្សេងទៀតនៅអឺរ៉ុបបានថ្កោលទោសកូរ៉េខាងជើងថា បានបន្តការសាកល្បងគ្រាប់មីស៊ីលផ្លោងថា «យើងមិនចាំបាច់មានកិច្ចពិភាក្សាយូរអង្វែងជាមួយសហរដ្ឋអាមេរិកនៅពេលឥឡូវនេះទេ ហើយការរំសាយអាវុធនុយក្លេអ៊ែរក៏ត្រូវបានយកចេញបាត់ពីតុចរចារួចរាល់ហើយផងដែរ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)