លោក ពូទីន ស្វាគមន៍ការជឿនលឿននៅក្នុងការធ្វើសមាហរណកម្ម រុស្ស៊ី – បេឡារូស

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩​ — វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន​ ( adimir Putin  ) បានសរសើរកាលពីថ្ងៃអាទិត្យដល់ការជឿនលឿននៅលើផ្លូវទៅកាន់ការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ រុស្ស៊ី- បេឡារូស។

លោក ពូទីន បានធ្វើការកត់សម្គាល់នេះនៅក្នុងសារស្វាគមន៍មួយទៅឱ្យប្រធានាធិបតីបេឡារូស លោក អាឡិចហ្សង់ដឺរ លូការសេនកូ ( Alexander Lukashenko  )  នៅពេលដែលប្រទេសនៅជិតខាងគ្នានេះកត់សម្គាល់ខួបលើកទី២០ នៃសន្ធិសញ្ញាស្តីពីការបង្កើតរដ្ឋសហភាពរុស្ស៊ីមួយនិងបេឡារូស    ។

លោក ពូទីន បានវាយតម្លៃខ្ពស់ដល់ការសម្របសម្រួលកិច្ចប្រឹងប្រែងនៅក្នុងសន្តិសុខ និងនយោបាយការបរទេស , កំណើនយ៉ាងខ្លាំងនៃពាណិជ្ជកម្ម , ចំណងទាក់ទងសេដ្ឋកិច្ច និងអន្តរតំបន់ , ការអនុវត្តនូវកម្មវិធីបញ្ចូលរបៀបថ្មីនៅក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យ ព្រមទាំងគម្រោងមនុស្សធម៌មានទ្រង់ទ្រាយធំដែលផ្តល់មូលនិធិដោយថវិកាសហភាព  ។

លោកក៏បានកត់សម្គាល់ផងដែរថា ឱកាសស្មើភាពគ្នាត្រូវបានគេផ្តល់ឱ្យដល់ប្រជាជនរុស្ស៊ី និងបេឡារូសនៅក្នុងការជ្រើសយកកន្លែងលំនៅឋានមួយ , ការងារក៏ដូចជាការទទួលបានជំនួយខាងវេជ្ជ សាស្ត្រ និងសង្គម  ។

លោក ពូទីន បានសង្កត់ធ្ងន់លើសារសំខាន់ នៃការអនុវត្តនូវបទពិសោធជាវិជ្ជមានដែលទទួលបាននៅក្នុងរង្វង់រដ្ឋសហភាពក្នុងទ្រង់ទ្រាយដែលកាន់តែធំទូលាយមួយ នៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី , ដោយសំដែងនូវជំនឿទុកចិត្តថា ការធ្វើសមាហរណកម្ម ដែលមានផលប្រយោជន៍ទៅវិញ ទៅមកហើយនឹងអន្តរកម្មទ្វេភាគី នៅក្នុងគ្រប់វិស័យទាំងអស់ នឹងបន្តរីកចម្រើនទៅមុខ​ ៕ (ប្រភព ស៊ីនហួ  បកប្រែដោយលោក ប៉ិនមឿន )