ទីក្រុងមូស្គូត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ  ប៉ុន្តែទំនាក់ទំនងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែយ៉ាប់យ៉ឺន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩​ — កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំលើកទី២៦ នៃក្រុមប្រឹក្សាថ្នាក់រដ្ឋមន្រ្តី OSCE នៅទីក្រុង Bratislava ថា អង្គការណាតូចង់គ្របដណ្តប់មិនត្រឹមតែនៅតំបន់អឺរ៉ូអាត្លង់ទិក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំបន់មជ្ឈឹមបូព៌ាផងដែរ។

ថ្លែងនៅស្ថានីយ៍ទូរទស្សន៍ Rossiya 1 របស់រុស្ស៊ី រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការជាមួយអង្គការណាតូ ប៉ុន្តែទំនាក់ទំនងជាមួយប្លុកនេះកាន់តែមានភាពយ៉ាប់យ៉ឺនទៅៗអស់រយៈពេលជាច្រើនឆ្នាំ។

លោក Shoigu បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយដែលចាក់ផ្សាយដោយស្ថានីយទូរទស្សន៍ Rossiya 1 ថា «យើងបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងសកម្មនៅទីក្រុងព្រុចសែលកាលពី ៥ ឆ្នាំមុន … វាហាក់ដូចជាយើងមានជម្រើស និងឱកាសច្រើនក្នុងការឈានទៅមុខក្នុងការអនុវត្ត [កិច្ចព្រមព្រៀងនានា]។ ទោះជាយ៉ាងណាក៏ដោយ ជាអកុសលអ្វីៗទាំងអស់នេះមិនត្រឹមតែបានបញ្ឈប់ប៉ុណ្ណោះទេ ប៉ុន្តែទំនាក់ទំនងនៅតែបន្តយ៉ាប់យ៉ឺនជារៀងរាល់ឆ្នាំ។ សម្រាប់យើង ទ្វារទាំងអស់បើកចំហ ហើយយើងត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការ»។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «ការចូលរួមរបស់អង្គការណាតូ៖ ការបង្កើតសម្ព័ន្ធភាពថ្មី» នៅទីក្រុងឡុងដ៏ ហើយក៏ជាការប្រារព្ធខួបលើកទី ៧០ នៃអង្គការនេះផងដែរ។

ក្នុងអំឡុងពេលនៃជំនួបកំពូលនេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានលើកឡើងអំពីបញ្ហាបន្ទាន់នៃទំនាក់ទំនងជាមួយប្រទេសជិតខាងធំបំផុតរបស់ប្លុកនេះ គឺរុស្ស៊ី និងសហរដ្ឋ      អាមេរិក ដែលបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងអាវុធនុយក្លេអ៊ែរកម្រិតមធ្យម (INF) ឆ្នាំ ១៩៨៧ ។ លោក Stoltenberg បានសង្កត់ធ្ងន់ថា ប្លុកនេះ «នឹងខិតខំដើម្បីឱ្យមានទំនាក់ទំនងល្អប្រសើរជាមួយប្រទេស    រុស្ស៊ី»។

លោក Stoltenberg បាននិយាយថា វិធីមួយដើម្បីបន្តកិច្ចពិភាក្សាស្តីពីការស្តារឡើងវិញនៃ INF គឺការស្វែងរកវិធីដើម្បីរួមបញ្ចូលប្រទេសចិនដែលជាសំណើមួយដែលត្រូវបានបដិសេធម្តងហើយម្តងទៀតដោយទីក្រុងប៉េកាំង៕(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)