សមាជិក APEC សន្យាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩​ — សមាជិកសេដ្ឋកិច្ចនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី – ប៉ាស៊ីហ្វិក (APEC) បានសន្យាជំរុញកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅឯកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ APEC (CSOM) ដែលប្រារព្ធធ្វើនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

រៀបចំដោយប្រទេសឈីលី ដែលជាម្ចាស់ផ្ទះនៃ APEC ២០១៩ កិច្ចប្រជុំ CSOM បានសង្ខេបសមិទ្ធិផលនៃឆ្នាំ APEC ឈីលី ២០១៩ នឹងបានបង្ហាញទិសដៅសម្រាប់ប្រតិបត្តិការរបស់ APEC នាពេលខាងមុខ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ CSOM ប្រទេសឈីលីបានចេញសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ ២០១៩ ដែលជាសេចក្តីថ្លែងការណ៍ផ្លូវការនៃការបញ្ចប់ឆ្នាំ APEC ឈីលី។

សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់អំពីសមិទ្ធិផលដែល APEC សម្រេចបានក្នុងរយៈពេលជាង ៣០ឆ្នាំចាប់តាំងពីការបង្កើតរបស់ខ្លួនមកនេះ។

សូមបញ្ជាក់ផងដែរថា សេដ្ឋកិច្ចសមាជិក APEC ប្តេជ្ញាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគសេរី ព្រមទាំងការបើកទូលាយពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងពាណិជ្ជកម្មអន្តរជាតិផ្អែកលើច្បាប់ និងបន្តជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់សេដ្ឋកិច្ចឌីជីថល សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងតំបន់ពាណិជ្ជកម្មសេរីនៅអាស៊ីប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍នេះបានស្វាគមន៍របាយការណ៍ស្តីពីចក្ខុវិស័យក្រោយឆ្នាំ ២០២០ ដែលបានដាក់ជូនដោយក្រុមចក្ខុវិស័យ APEC និងទន្ទឹងរងចាំកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២០ ខាងមុខ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)