ចិននិងមីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ  ឆ្នាំ២០១៩ — សមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន ដែលកំពុងធ្វើទស្សនកិច្ចលោក វ៉ាង យី ( Wang yi ) បានជួបជាមួយអគ្គមេបញ្ជាការសេវាការពារប្រទេសប្រទេសមីយ៉ាន់ម៉ា លោក មីន អូង ឡាំង (Min Aung Hlaing ) នៅ ម៉ង់ដាឡេ កាលពីថ្ងៃអាទិត្យ ​ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាពង្រឹង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងបង្កើនល្បឿនដំណើរការសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ភាគខាង​ជើង ។

ដោយសរសើរដល់យោធាមីយ៉ាន់ម៉ាថា ជាកម្លាំងយ៉ាងសំខាន់មួយនៅក្នុងការថែរក្សាសន្តិភាព និង​ស្ថិរភាពរបស់ប្រទេសក៏ដូចជាមិត្តភាពរវាងចិន និងមីយ៉ាន់ម៉ានោះ លោក វ៉ាង បាននិយាយថា ការផ្លាស់ប្តូរ​គ្នារវាងកងកម្លាំងប្រដាប់អាវុធប្រទេសទាំងពីរនឹងបង្ហាញឱ្យឃើញនូវផ្នែកយ៉ាងសំខាន់មួយនៃមិត្តភាពជាបងប្អូន ។ 

លោកបានកត់សម្គាល់ថា ចិនមានបំណងយកខួបលើកទី៧០ នៃការបង្កើត​ទំនាក់ទំនងការទូត​នៅ​ឆ្នាំខាងមុខនេះធ្វើជាឱកាសមួយ ដើម្បីជំរុញទៅមុខរួមគ្នាការស្ថាបនាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ហើយ​និង​ច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា , កសាងសហគមន៍មួយដែលមានអនាគតដូចគ្នាជាមួយរដ្ឋាភិបាល និងយោធាមីយ៉ាន់ម៉ា  ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យចូលទៅក្នុងសម័យថ្មីមួយ។ 

 លោក វ៉ាង បាននិយាយថា ដំណើរការសន្តិភាព និងការផ្សះផ្សាគ្នាក្នុងប្រទេសមីយ៉ាន់ម៉ា  ភាគ​ខាងជើង គឺសំខាន់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដោយសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងបន្ត​ប្រ​កាន់​ខ្ជាប់នូវការសន្ទនាគ្នាខាងនយោបាយ ព្រមទាំងអនុវត្តន៍នូវកិច្ចចរចាសន្តិភាពយ៉ាងរឹងមាំ ។ 

លោក មីន អូង ឡាំង បាននិយាយថា មីយ៉ាន់ម៉ាគាំទ្រពេញទំហឹងដល់រដ្ឋាភិបាល នៅក្នុងការធ្វើ​ឱ្យ​មានការពេញចិត្តនូវភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយចិន, ជំរុញទៅ​មុខ​​​កិច្ចសហប្រតិបត្តិការលើការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ ព្រមទាំងការស្ថាបនាច្រករបៀង​សេដ្ឋកិច្ច​ចិន-មីយ៉ាន់ម៉ា ។ 

លោកបាននិយាយថា មីយ៉ាន់ម៉ា  នឹងខិតខំដើម្បីការពារសន្តិភាព និងស្ថិរភាពនៅឯ​តំបន់ព្រំដែនមី​យ៉ាន់ម៉ា -ចិនព្រមទាំងចូលរួមនៅក្នុងការសន្ទនាជាមួយអង្គការ​ប្រដាប់អាវុធជនជាតិភាគ​តិចក្នុងការជំរុញ​ឱ្យ​លឿន​ដំណើរការសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ភាគខាងជើង ៕ 

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)