ប្រទេសបារាំងកំពុងបន្តជាប់គាំងដោយសាររឿងគម្រោងកំណែទម្រង់លើច្បាប់ចូលនិវត្តន៍

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
បច្ចុប្បន្នភាពក្នុងប្រទេសបារាំង កំពុងបន្តជាប់គាំងដោយសាររឿងគម្រោងកំណែទម្រង់លើច្បាប់ចូលនិវត្តន៍ខណៈ ចរាចរណ៍រថភ្លើង រថយន្តក្រុង និងសេវាមួយចំនួនធំបន្តជាប់គាំង បន្ទាប់ពីមានមហាបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ ដែលរហូតមកដល់ពេលនេះមានរយៈពេលប្រាំថ្ងៃហើយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី ០៩ ខែធ្នូ ឆ្នាំ២០១៩។
ប្រធានាធិបតីអេម៉ានុយអែលម៉ាក្រូន លោកនាយករដ្ឋមន្រ្តីអេឌូអេដហ្វីលីពនិងរដ្ឋមន្រ្តីជាន់ខ្ពស់នៃគណៈរដ្ឋមន្រ្តីបារាំងបានជួបប្រជុំគ្នាកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីពិភាក្សាពីការកែទម្រង់ដ៏ចម្រូងចម្រាសដែលសហជីពការងារដ៏មានឥទ្ធិពលរបស់ប្រទេសនេះអះអាងថានឹងបង្ខំឱ្យមនុស្សជាច្រើនធ្វើការយូរជាកាន់តែយូរហើយទទួលបានប្រាក់ឈ្នួលសម្រាប់ការចូលនិវត្តន៍តិចជាងមុន ដែលមកទល់នឹងពេលនេះទាំងរដ្ឋាភិបាលនិងសហជីពប្តេជ្ញារក្សាជំហររឹងមាំរៀងៗខ្លួន។
សូមរម្លឹកថា រដ្ឋាភិបាលរបស់លោកម៉ាក្រុង មិនមែនជារដ្ឋាភិបាលដំបូងទេដែលហ៊ានសើរើច្បាប់ចូលនិវត្តន៍ដែលជាចំណុចរសើបខ្លាំងនៅបារាំងនោះទេ។ រដ្ឋាភិបាលអាណត្តិមុនៗតែងធ្វើកំណែទម្រង់ ច្បាប់ចូលនិវត្តន៍ ដោយសារថាប្រព័ន្ធចូលនិវត្តន៍បារាំងវាធ្វើឲ្យរដ្ឋខាតបង់ថវិការហូត៕
ប្រភព៖ សារព័ត៌មាន Channel News Asia