ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ –​ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងសមាជិក សមាជិកា (ស.ស.យ.ក.) នៅរាជធានីភ្នំពេញ និងក្រុមអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាច្រើននាក់ផងដែរ។

ថ្លែងនៅក្នុងកម្មវិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការអបអរសាទរ និងមានមោទកភាពយ៉ាងខ្លាំង ចំពោះការរីកចម្រើនផ្នែកវិស័យកីឡាបាល់ទាត់នៅកម្ពុជា ជាពិសេសគឺការបំបែកកំណត់ត្រា៦០ឆ្នាំ របស់ក្រុមគោព្រៃកម្ពុជាដែលបាននាំឈ្មោះកម្ពុជាបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Sea Game) លើកទី៣០ នៅប្រទេសហ្វីលីពីន។

ឯកឧត្តម សៅ សុខា ក៏បានសម្តែងការកោតសរសើរក្រុមគោព្រៃកម្ពុជាចំពោះការរីកចម្រើនទាំងផ្នែកស្មារតី និងបច្ចេកទេសក្នុងការលេងទម្រង់បាល់ប្រយុទ្ធ ហើយឯកឧត្តមក៏សង្ឃឹមជឿជាក់ថា គោព្រៃកម្ពុជានឹងយកឈ្នះក្រុមវៀតណាម ហើយនឹងឈានទៅដណ្តើមមេដាយមាសជូនកម្ពុជាមិនខាន។

ក្នុងឳកាសនេះផងដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហ័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការប្រកួតSoccer League ដែលមានគំនិតផ្តួចផ្តើមរៀបចំឱ្យមានការប្រកួតនេះឡើង បើទោះជាពានរង្វាន់Soccer Leagueនេះ ពុំមែនជាពានរង្វាន់អាជីប ប៉ុន្តែបានបង្ហាញឱ្យឃើញពីការចូលរួមកាន់តែច្រើនឡើងៗពីសំណាក់ក្រុមដែលបានដាក់ពាក្យចូលរួមប្រកួត ហើយសន្ទុះនៃអ្នកគាំទ្រ ក៏ដូចជាសមត្ថភាពរបស់ក្រុមនីមួយៗត្រូវបានមើលឃើញថាវិវត្តន៍កាន់តែខ្លាំង ហើយតាមរយៈការដាក់ពាក្យចូលរួមប្រកួតរហូតដល់៧២ក្រុម សម្រាប់ការប្រកួតលើកទី៥នេះ ក៏បានបង្ហាញឱ្យឃើញថា ពានរង្វាន់Soccer League ទទួលបានការគាំទ្រច្រើនពីសំណាក់ បណ្តាលក្លឹប សមាគម គ្រឹះស្ថានឧត្តមសិក្សា ទូទាំងរាជធានីខេត្ត។

ឯកឧត្តម សៅ សុខា ក៏បានលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនឡើងបន្ថែមទៀត ទាំងក្រុមត្រូវប្រកួត ទាំងអ្នកគាំទ្រ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំផុសចលនាសាមគ្គីភាព ចំណងមិត្តភាព របស់យុវជនទូទាំងប្រទេស ជាពិសេសគឺជម្រុញយុវជនគ្រប់រូប ឱ្យងាកមកគាំទ្រកីឡា ចូលរួមហាត់កីឡា ដើម្បីសុខភាព និងចៀសឱ្យឆ្ងាយពីគ្រៀងញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗ។

សូមបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ចំពោះវិស័យកីឡាគ្រប់ប្រភេទផងដែរនៅកម្ពុជា តាមរយៈការជម្រុញ ការលើកទឹកចិត្ត ព្រមទាំងការឧបត្ថម្ភផ្សេងៗ ដើម្បីឱ្យកីឡាករមានទឹកចិត្ត មានជីវភាពសមរម្យ ដើម្បីឈានទៅរកការប្រកួតដណ្តើមកេរ្តិ៍ឈ្មោះជូនជាតិ ទាំងកំរិតតំបន់ និងពិភពលោក។

ចំណែកឯ ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. បានសង្ខេបអំពីប្រវត្តិនៃការករកើតឡើង ពានរង្វាន់Soccer Leagueនេះ ដែលបានចាប់ផ្តើមពីតំបូងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. កាលពីឆ្នាំ២០១២ ហើយកាលនោះគឺមានតែចំនួន៣២ក្រុមប៉ុណ្ណោះ ដែលបានដាក់ពាក្យចូលរួមប្រកួត ដោយលេខ១ បានទៅក្រុម សមាគមន៍និស្សិតបញ្ញវ័ន្តយុវជន ក២១ ជាមួយប្រាក់រង្វាន់៤លានរៀល ហើយនៅឆ្នាំ២០១៣ គឺមានចំនួន៤០ក្រុម ដោយលេខ១ បានទៅក្រុម ស.ស.យ.ក. ខេត្តព្រៃវែង ជាមួយប្រាក់រង្វាន់១០លានរៀល នៅឆ្នាំ២០១៥ គឺមានចំនួន៤៩ក្រុម ដោយលេខ១ បានទៅក្រុម អាណាចក្របៃតង ជាមួយប្រាក់រង្វាន់១២លានរៀល នៅឆ្នាំ២០១៦ គឺមានចំនួន៦០ក្រុម ដោយលេខ១ បានទៅក្រុម ស.ស.យ.ក. ខណ្ឌពោធិ៍សែនជ័យ ជាមួយប្រាក់រង្វាន់១២លានរៀល។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់Soccer League លើកទី៥ ឆ្នាំ២០១៩នេះ នឹងចាប់ផ្តើមប្រកួតនៅវេលាម៉ោង១៦៖០០រសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក រវាង ក្រុមស.ស.យ.ក. ខណ្ឌពោធិ៍សែនជ័យ និង ក្រុមសុភីណា អេហ្វស៊ី។

ដោយ ផែន រតនៈ