អង្គការណាតូចង់ត្រួតត្រាមិនត្រឹមតែតំបន់អឺរ៉ូ-អាត្លង់ទិកនោះទេ គឺថែមទាំងតំបន់មជ្ឈិមបូព៌ាផងដែរ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩​  — កិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលមានរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «ការចូលរួមរបស់អង្គការណាតូ៖ ការបង្កើតសម្ព័ន្ធភាពថ្មី» បានចាប់ផ្តើមនៅទីក្រុងឡុងដ៍កាលពីដើមសប្តាហ៍ ដើម្បីរំលឹកខួបលើកទី ៧០ នៃអង្គការនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចប្រជុំលើកទី ២៦ នៃក្រុមប្រឹក្សាថ្នាក់រដ្ឋមន្ត្រី OSCE នៅទីក្រុង Bratislava ថា អង្គការណាតូចង់ត្រួតត្រាមិនត្រឹមតែតំបន់អឺរ៉ូ-អាត្លង់ទិកប៉ុណ្ណោះទេ ថែមទាំងនៅតំបន់មជ្ឈិមបូព៌ាផងដែរ។

លោក Lavrov បាននិយាយថា «អង្គការណាតូបន្តការពង្រីករបស់ខ្លួនដោយមិនគិតពិចារណា ដោយហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្លុកកំពុងមានការបម្លាស់ទីយ៉ាងលឿន ឆ្ពោះទៅភាគខាងកើតជិតព្រំដែនរុស្ស៊ី។ នៅទីនោះមានភាពតានតឹងជាអចិន្ត្រៃយ៍ ដោយមានការចោទប្រកាន់ពីចេតនាឈ្លានពានពីភាគីប្រទេសរុស្ស៊ី។ អ្វីៗទាំងអស់នេះកំពុងកើតឡើងស្របពេលដែលមានការកើនឡើងនៃយោធានៃការសម្រេចចិត្តដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗនេះនៅទីក្រុងឡុងដ៏»។

លោក Lavrov បាននិយាយបន្ថែមថា «អង្គហេតុដែលយើងបានឃើញ គឺបង្ហាញអំពីស្ថានភាពច្បាស់មួយដែលអង្គការណាតូចង់ត្រួតត្រាទាំងនៅតំបន់អឺរ៉ូអាត្លង់ទិក ហើយប្រសិនបើយើងក្រឡេកមើលជំហានរបស់អង្គការណាតូនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា»។

ដោយបាននិយាយបន្ថែមទៀត រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមានការឆ្លើយតបចំពោះរាល់ការគំរាមកំហែងនានាដែលបង្កដោយអង្គការណាតូ ហើយនឹងធានាដល់សន្តិសុខរបស់ខ្លួនដោយមិនចាំបាច់ចូលក្នុងការប្រណាំងប្រជែងអាវុធ។

លោក Lavrov បាននិយាយថា «យើងមានការឆ្លើយតបចំពោះការគំរាមកំហែងទាំងអស់ដែលអង្គការណាតូកំពុងធ្វើឡើង នៅពេលដែលខ្លួនហៅឈ្មោះរុស្ស៊ី និងចិន ដោយផ្ទាល់ថា ជាគោលដៅនៃការគំរាមកំហែងទាំងនេះ។ យើងដឹងអំពីវិធីដែលយើងអាចឆ្លើយតបចំពោះការគំរាមកំហែងទាំងនេះ និងធានាដល់សន្តិសុខរបស់យើងដោយមិនចាំបាច់ចូលរួមក្នុងការប្រណាំងប្រជែងអាវុធ»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)