FAO៖ ស្ថានភាពសន្តិសុខស្បៀងអាហាររបស់កូរ៉េខាងជើង ទំនងជា​មិនមានភាពប្រសើរឡើងទេនៅឆ្នាំក្រោយ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — របាយការណ៍កាលពីពេលថ្មីៗនេះបាននិយាយថា ស្ថានភាពសន្តិសុខស្បៀងអាហារ​ជាទូទៅរបស់កូរ៉េខាងជើងទំនងជាមិនមានភាពប្រសើរឡើងទេនៅឆ្នាំក្រោយ ដោយសារ​ផលិតផលដំណាំរបស់ប្រទេសនេះ ត្រូវបានគេប៉ាន់ស្មានថា ទាបជាងឆ្នាំមុនដោយសារតែ​ស្ថាន​ភាព​អាកាសធាតុមិនល្អ។

អង្គការស្បៀងអាហារ និងកសិកម្ម (FAO) បាននិយាយនៅក្នុងរបាយការណ៍​ចក្ខុវិស័យ​ដំណាំ​ និងស្ថានភាពស្បៀងអាហារដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដូវ​ផលិត​​កម្ម​ដំណាំស្បៀងអាហារដ៏សំខាន់ឆ្នាំ២០១៩ ត្រូវបានប៉ាន់ប្រមាណក្រោមមធ្យម ៥ឆ្នាំ​ដោយសារកង្វះទឹកភ្លៀង និងការផ្គត់ផ្គង់ទឹកសម្រាប់ប្រព័ន្ធធារាសាស្រ្តកាលពីដើមឆ្នាំ​ ហើយ​ថ្មីៗនេះទឹកជំនន់ក្នុងស្រុកបានបានធ្វើឱ្យខូចខាតដល់ដំណាំដំណាំកសិកម្ម។ 

អង្គការ FAO ក៏បាននិយាយផងដែរថា ប្រជាជន ១០,១លាននាក់ ដែលប្រហែល ៤០ ភាគរយនៃប្រជាជននៅកូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថា កំពុងត្រូវការជំនួយជាបន្ទាន់​នៅពេលដែលទីភ្នាក់ងារនេះបានធ្វើបេសកកម្មវាយតម្លៃសន្តិសុខស្បៀង កាលពីខែមេសា​កន្លងទៅ រួមជាមួយកម្មវិធីស្បៀងអាហារពិភពលោក។

របាយការណ៍ប្រចាំត្រីមាសបាននិយាយថា ដោយមើលឃើញពីការរំពឹងទុកនៃទិន្នផល​ទាប​ជាងនេះ ស្ថានភាពសន្តិសុខស្បៀងទូទៅក្នុងឆ្នាំ ២០១៩-២០២០ មិនត្រូវបានរំពឹងថា​ នឹង​មាន​ភាពប្រសើរឡើងទេនោះ។

ប្រទេសកូរ៉េខាងជើងស្ថិតនៅក្នុងចំណោមប្រទេសចំនួន ៤២ ទៀត​ដែលត្រូវការជំនួយ​ពីខាងក្រៅសម្រាប់ស្បៀងអាហារ រួមជាមួយប្រទេសអាស៊ីចំនួន ៧ប្រទេស អាហ្វ្រិកចំនួន ៣២ប្រទេស និងអាមេរិកឡាទីនចំនួន ២ប្រទេស៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)