អ្នកចរចាទីក្រុងសេអ៊ូល៖ កិច្ចចរចាអំពីការចំណាយលើវិស័យការពារជាតិមិនបាន ផ្តល់​លទ្ធផល​​ជាក់ស្តែងទេ ចំពេល​ដែល​អាមេរិក​មានតម្រូវការកើនឡើងខ្ពស់នោះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ — អ្នកចរចាកំពូលរបស់កូរ៉េខាងត្បូងក្នុងកិច្ចពិភាក្សា ស្តីពីការចែករំលែកតម្លៃការពារជាតិ​ជាមួយសហរដ្ឋអាមេរិកបាននិយាយថា សម្ព័ន្ធមិត្តបានបរាជ័យក្នុងការបង្កើតលទ្ធផល​ជាក់​ស្តែង​នៅក្នុងការចរចារនៅ សប្តាហ៍នេះ ដោយសារតែតម្រូវការរបស់ក្រុងវ៉ាស៊ីនតោន​ ក្នុងការ​បង្កើន​ឡើងយ៉ាងខ្លាំងនៃចំណែកការចំណាយរបស់ទីក្រុងសេអ៊ូលនៅតែមិនផ្លាស់ប្តូរ។

លោក Jeong Eun-Bo បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃព្រហស្បតិ៍​ បន្ទាប់ពី​កិច្ចពិភាក្សាលើកទី៤ នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ស្តីពីវិធីចែករំលែកតម្លៃ​នៃការឈរជើងរបស់កងទ័ពអាមេរិកដែលមានកងកម្លាំងប្រមាណ ២៨.៥០០ នាក់នៅក្រោម​កិច្ចព្រមព្រៀងបែងចែកតម្លៃដែលគេហៅថា កិច្ចព្រមព្រៀងវិធានការពិសេស (SMA)។

លោក Jeong បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិ Dulles ថា នៅត្រង់ចំណុចនេះ យើងស្ថិតក្នុងស្ថានភាពមួយដែលយើងត្រូវបន្តកាត់បន្ថយភាពខុសគ្នា​របស់​យើង។ វាមិនមែនជាអ្វីដែលថា យើងបានឈានដល់លទ្ធផលជាក់ស្តែងនោះទេ។

លោកបានបន្ថែមថា វាជាការត្រឹមត្រូវក្នុងការនិយាយថា សហរដ្ឋអាមេរិករក្សាជំហរ​របស់ខ្លួន។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា សហរដ្ឋអាមេរិកបានទាមទារឱ្យមានការបង្កើន​ថវិកាចំនួនប្រាំដងក្នុងការផ្តល់ហិរញ្ញប្បទានរបស់ទីក្រុងសេអ៊ូលដល់ ៥ ប៊ីលានដុល្លារអាមេរិក​នៅឆ្នាំក្រោយ ដើម្បីចំណាយលើការចំណាយទាក់ទងនឹងសមយុទ្ធយោធារួមគ្នារបស់​សម្ព័ន្ធ​មិត្ត និងការគាំទ្រដល់ក្រុមគ្រួសារកងទ័ពអាមេរិក។

ក្រោម SMA ឆ្នាំនេះ ដែលគ្រោងនឹងផុតកំណត់នៅដំណាច់ឆ្នាំនេះ ទីក្រុងសេអ៊ូលបាន​យល់ព្រមចំណាយប្រហែល ៨៧០លានដុល្លារអាមេរិក។

លោក Jeong បានបញ្ជាក់ជាថ្មីពីជំហររបស់ទីក្រុងសេអ៊ូលថា​ ការចរចាគួរតែដំណើរ​ការ​យ៉ាងតឹងរឹងនៅក្នុងក្របខ័ណ្ឌ SMA ដែលអំពាវនាវឱ្យក្រុងសេអ៊ូលបង់ថ្លៃមួយផ្នែកសម្រាប់​និយោជិកកូរ៉េខាងត្បូងក្នុងការតំឡើង USFK ការសាងសង់កន្លែងយោធាមួយចំនួន និងការគាំ​ទ្រខាងភ័ស្តុភារ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)