អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមខ្លួនរួចជាស្រេច ក្នុងការធានាទឹកប្រើប្រាស់ជូនប្រពលរដ្ឋ នារដូវប្រាំងនេះ

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា ០៦ ១២ ២០១៩៖

អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមខ្លួនរួចជាស្រេច ក្នុងការធានាទឹកប្រើប្រាស់ជូនប្រពលរដ្ឋនារដូវប្រាំងនេះ ខណៈការព្យាករណ៍ឆ្នាំនេះកម្ពុជាអាចនឹងជួបបញ្ហាខ្វះខាតទឹកដូចឆ្នាំកន្លងទៅ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ខេត្តបន្ទាយមានជ័យមកដល់ពេលនេះ មិនទាន់មានចោទជាបញ្ហាក្នុងប្រើប្រាស់ទឹកនៅឡើយទេ ដោយសារតែខាងអាជ្ញាធរបានទប់ទឹកគ្រប់អាងទាំងអស់ តាំងពីដើមរដូវវស្សាមកម្លេះ ដើម្បីធានាការប្រើប្រាស់ទឹកជូនដល់ប្រជាពលរដ្ឋនារដូវប្រាំង ។
ឯកឧត្តមបានឲ្យដឹងបន្តថា អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋរួចហើយ កុំឲ្យធ្វើស្រូវប្រាំងពីរដង ដែលអាចនាំមានការខ្វះខាតទឹកនាពេលខាងមុខ ។
ឯកឧត្តមបានបន្ថែមថា ខេត្តបន្ទាយមានជ័យមានស្ទឹងនិងអាងទប់ទឹកធំៗ ដែលអាចធានាដល់ការប្រើប្រាស់ទឹកជូនប្រជាពលរដ្ឋ ហើយខាងអាជ្ញាធរក៏បានធ្វើទ្វារទឹក នៅចំណុចប្រសព្វរវាងដងស្ទឹងសេរីសោភ័ណនិងដងស្ទឹងមង្គលបុរីរួចរាល់ហើយ ក្នុងករណីដែលខ្វះទឹក អាជ្ញាធរនិងបើកទ្វារទឹកនោះបន្តទៀត ។
សំឡេង « មិនទាន់ជួបគ្រោះរាំងស្ងួតទេ ដោយសារកន្លងមកយើងបានខិតខំប្រឹងប្រែងទប់ទឹក អាងធំៗទាំងអស់ កាលពេលមានទឹកភ្លៀងពីមុនមកយើងបានទប់ស្ទាក់ទឹកទុកគ្រប់អាងទាំងអស់ ។ ហើយដងស្ទឹងទៀតសោត ដងស្ទឹងសេរីសោភ័ណដងស្ទឹងមង្គលបុរី ដោយសារយើងមានទំនប់ សំណង់ព្រហារនៅក្រោមកដប រវាងស្ទឹងទាំងពីជួបគ្នានោះយើងបានធ្វើសំណង់ទ្វារទឹករួចហើយ »។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យកាលពីឆ្នាំ ២០១៨ មានការខ្វះខាតទឹក ដោយសារតែទឹកភ្លៀងធ្លាក់មិនគ្រប់គ្រាន់តាមតំរូវការផងដែរ ៕