ក្រុមហ៊ុន Huawei លុបចោលការបើកដំណើរការទូរស័ព្ទស្មាតហ្វូនថ្មីនៅតៃវ៉ាន់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានលុបចោលការដាក់លក់នូវទូរស័ព្ទស្មាតហ្វូនថ្មីនិងនាឡិកាឌីជីថលនៅកោះតៃវ៉ាន់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតៃប៉ិបានដាក់បម្រាមបណ្តោះអាសន្នលើផលិតផលមួយចំនួនរបស់ Huawei ដែលមានសរសេរពាក្យលើផលិតផលទាំងនោះថា “Taiwan, China” ឬ “Chinese Taipei” មានន័យថា កោះតៃវ៉ាន់ចិនឬចិនតៃប៉ិ ជាប្រទេសចិនតែមួយ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Aisa កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ទី ០៥ ខែធ្នូ ឆ្នាំ ២០១៩។
គណៈកម្មការទំនាក់ទំនងជាតិតៃវ៉ាន់ (NCC) បាននិយាយថា ការហាមឃាត់ជាបណ្តោះអាសន្ននូវម៉ូឌែល P30, P30 pro និង Nova 5T របស់ក្រុមហ៊ុន Huawei នៅតែមានប្រសិទ្ធភាពដដែលដោយសារក្រុមហ៊ុនមិនទាន់ផ្លាស់ប្តូរពាក្យនៅលើផលិតផលរបស់ខ្លូន។
គេសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះភាគច្រើននៃក្រុមហ៊ុនដែលមានម៉ាកល្បីៗនៅលើពិភពលោក រាប់ទាំងក្រុមហ៊ុនអាកាសចរណ៍និងសណ្ឋាគារ ជាដើមបានបង្ហាញជំហរគាំទ្រទីក្រុងប៉េកាំង ដោយផ្លាស់ប្តូរចំណាត់ថ្នាក់របស់តៃវ៉ាន់នៅលើគេហទំព័ររបស់ពួកគេទៅជា “ចិនកោះតៃវ៉ាន់ ឬចិនតៃប៉ិ” វិញ។
សូមបញ្ជាក់ថា ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនហើយបានប្តេជ្ញាថានឹងដណ្តើមកាន់កាប់ដោយបង្ខំប្រសិនបើចាំបាច់បើទោះបីជាភាគីទាំងពីរត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នាអស់រយៈពេល ៧ ទសវត្សចុងក្រោយក៏ដោយ៕
ប្រភព៖ សារព័ត៌មាន Channel News Aisa