ប្រជាពលរដ្ឋនៅខេត្តក្រចេះជិតមួយពាន់នាក់បានចូលរួមទស្សនាភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ក្រចេះ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សនៅខេត្តក្រចេះជិតមួយពាន់នាក់បានចូលរួមទស្សនាភាព  យន្ត​ចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ដែលចាក់បញ្ចាំងនៅក្នុងបរិវេណ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្រចេះ នារាត្រីថ្ងៃទី៥ ខែធ្នូនេះ ដើម្បីស្វែងយល់នូវ វប្បធម៌ ប្រពៃណីរវាងប្រទេសទាំងពីរ។

លោកទេព វាសនា

ក្នុងឱកាសអញ្ជើញចូលរួមទស្សនាភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤នារត្រីនោះ លោកទេព វាសនា ប្រធានមន្ទីរវប្បមធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះបាន​ចាត់ទុក​​ព្រឹកការណ៍នេះថា បាននាំ​មក​​នូវ​ការកំសាន្ត និងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌សិល្បៈរវាងប្រជាជនកម្ពុជា និងចិនជាពិសេស​​អ្នក​រស់នៅ​ខេត្ត​ក្រចេះបានយល់ដឹងពីតម្លៃអប់រំ ការតស៊ូក្នុងជីវិត កាត់បន្ថយអំពើហឹង្សាក្នុង​​គ្រួសារជាដើមតាម​​រយៈ​​ភាព​​យន្ត​ទាំងនេះជាដើម។ សំឡេង៖«ខ្ញុំក៏ដូចជាមន្ត្រីរាជការ ប្រជាពលរដ្ឋសិស្សានុសិស្សក្នុងខេត្តក្រចេះនេះ មាន​​ការសប្បាយរីករាយនៅពេលដែលបានទស្សនាភាពយន្តចិនខ្មែរនេះ ព្រោះបានបង្ហាញការ​​អប់រំតាំង​ពីការ​លុបបំបាត់អំពើហឹង្សា  និងបានស្គាល់ពីវប្បធម៌ខ្មែរយើងផង និងចិនផង»។

ជាមួយគ្នានោះ កញ្ញា សាង លាំងជូ និង កញ្ញាអុល  ដាណែតជាសិស្សរៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន​ក្រុងក្រចេះ បានបង្ហាញការរីករាយនៅពេលដែលបានចូលរួមទស្សនាភាពយន្តចិនរឿង សួស្តី​​លោកមហាសដ្ឋី និងរឿងខ្មែររឿង ចំណងជើងថា ដើមក្រសាំងគឺពិតជា  ល្អមើល ទាំងមានន័យអប់រំ និង​កប្លែង​សប្បាយច្រើន៖ សំឡេង៖ «ខ្ញុំ លាំជូ និយាយទៅរៀងកប្លែង ហើយល្អមើលធ្វើឱ្យសប្បាយក្នុងចិត្ត ។ ខ្ញុំឈ្មោះដាណែត ខ្ញុំមានអារម្មណ៍ថា សប្បាយ បានលំហែខួរក្បាលខ្លះដោយមើល​​ជុំជាមួយមិត្តភក្តិ​​ក្រោយ​​ពីសម្រាកពីការសិក្សា។ នាងខ្ញុំសូមអោយចាក់នៅខេត្តក្រចេះនេះមួយសារទៀត ដើម្បីឱ្យអ្នកមិន​​ទាន់​​បាន​​មើល អាចមានឱកាសមកមើលផងអញ្ចឹងណាស់!»។

លោក ឃី ទីហួ

ដូចគ្នានេះដែរ យុវជន ឈ្មោះឃី ទីហួ ជាសិស្សម្នាក់ទៀតបានគាំទ្រ និងស្នើសុំអោយមានការរៀប​​ចំការ​​ចាក់​​បញ្ចាំងភាពយន្តចិនខ្មែរនៅលើទឹកដីខេត្តក្រចេះនេះ នៅលើកក្រោយៗទៀត ដើម្បីឱ្យប្រជាពលរដ្ឋ បានស្វែងយល់ពីវប្បធម៌ចិន ខ្មែរនិងបានទស្សនាកំសាន្តសប្បាយបន្ថែមទៀតផងដែរ។

សំឡេង៖ «ខ្ញុំគិតថា ល្អពេលមើលទៅ មានការទាក់ទាញចំណាប់អារម្មណ៍ ធ្វើអោយសប្បាយចិត្ត​​ចំពោះភាព​​យន្តមួយនេះដែលធ្វើឱ្យយើងដឹងពីកម្ពុជា និងចិនកាន់តែច្រើន»។

លោក ប៉ុក បូរក្ស

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈ និងភាពយន្ត នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹងថា ភាពយន្តដើតួនាទីដ៏សំខាន់  ផ្តល់ចំណេះ ស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើនរបស់ប្រទេសនីមួយៗ។ ជាក់ស្តែងលោកចាត់ទុកថា ព្រឹត្តិការ​ណ៍​​ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ឆ្នាំ២០១៩នេះ គឺធ្វើឡើង​​ស្របពេល​​ដែលរដ្ឋាភិបាល​​ប្រទេសកម្ពុជា ចិនចាត់ទុកជាឆ្នាំនៃការផ្លាស់ប្តូរវប្បធម៌ និងទេសចររវាងប្រទេសទាំងពីរ ក៏ដូច​​ជា​​ជួយ​​​ជំរុញ​ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ ភាពយន្តរវាងកម្ពុជា និង​​ចិនកាន់​​តែរស៊ី​ជម្រៅ​ និងមានចំណងមេត្រីភាពកាន់តែរឹងមាំមួយកំរិតទៀតចាប់ពីទីក្រុងរហូតដល់ជនបទ។

តាមផែនការព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤ ឆ្នាំ២០១៩នេះបាន​​នាំ​​យក​​ភាព​យន្តល្បីៗ ទៅចាក់បញ្ចាំងនៅខេត្តប៉ៃលិន និងខេត្តឧត្តមានជ័យកាលពីខែមុន ហើយ​​ក្នុងខែធ្នូ​នេះ​នឹង​​ធ្វើ​​ដំណើរ​ទៅចាក់បញ្ចាំងនៅខេត្តត្បូងឃ្មុំ ព្រៃវែង តាកែវ កំពត និងខេត្តកណ្តាលបន្តទៀត ដើម្បីសម្រេច​ឱ្យ​បាន​នូវ​គោលដៅដែលត្រូវចាក់បញ្ចាំងនៅទូទាំងប្រទេស ខណៈព្រឹត្តិការណ៍នេះបាន​​រៀបចំនៅខេត្ត​​ចំនួន​២២​រួច​មក​ហើយដោយមានទស្សនិកជនប្រមាណ១០ម៉ឺននាក់ចូលរួមទស្សនា៕