ក្រសួងសាធារណការប្រាប់ឲ្យមន្ត្រីយកជញ្ជីងចល័តទៅដាក់លើដងផ្លូវដែលមាន រោងចក្រផលិតស៊ីម៉ងត៍

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 05,12,19  ៖

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ឲ្យមន្ត្រីយកជញ្ជីងចល័តទៅដាក់លើដងផ្លូវដែលមានរោងចក្រផលិតស៊ីម៉ងត៍ ដើម្បីឲ្យក្រុមហ៊ុនស៊ីម៉ងត៍ទាំងអស់បញ្ឈប់ការដឹកលើសទម្ងន់ដែលក្រសួងបានកំណត់ ។ វិធានការណ៍នេះ ធ្វើឡើងក្រោយពិនិត្យឃើញថា រថយន្តដឹកស៊ីម៉ងតិ៍ចេញពីរោងចក្រតែងតែ ដឹកលើសទម្ងន់កំណត់ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យស្ថាបន័ពាក់ពន្ធ័ទាំងអស់ ត្រួតពិនិត្យមន្ត្រីក្រោមឱវាទអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះការងារត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់នៅតាមស្ថានីយដែលមានដាក់ជញ្ជីងថ្លឹងរថយន្តនីមួយៗ សំដៅការពារការរងខូចខាតផ្លូវពីការដឹកលើសទម្ងន់។ ឯកឧត្តម បានព្រមានថា បើមន្ត្រីណាឃុបឃិតល្មើសជាមួយម្ចាស់រថយន្ត ដឹកលើសទម្ងន់ នឹងត្រូវដកចេញ ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីដើមសប្តាហ៍នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងកំពុងតែរៀបចំដាក់ប្រព័ន្ធកាមេរ៉ា និងដាក់បង្កប់ជញ្ជីងថ្លឹងទម្ងន់មុនពេលចូលកន្លែងថ្លឹងជញ្ជីង និងក្រោយចេញពីកន្លែងថ្លឹងជញ្ជីង ព្រមទាំងដាក់ជញ្ជីងចល័តបង្កប់នៅតាមមុខរោងចក្រស៊ីម៉ងត៍ ដើម្បីកុំឲ្យមានការដឹកស៊ីម៉ងត៍លើសទម្ងន់កំណត់ ។
សំឡេង ៖ មេត្តាយកជញ្ជីងចល័តដាក់តាមរោងចក្រស៊ីម៉ងតិ៍ ពិសេសក្នុងខេត្តបាត់ដំបង ដឹកទៅ ៨០តោន តែឃើញ ៦០ តោន! ម៉េចវាមិនព្រមដាក់ជញ្ជីង! យើងត្រូវដាក់ជញ្ជីងចាប់មិនអោយចេញ !សុំអញ្ជើញកោះហៅប្រជុំក្រុមហ៊ុនស៊ីម៉ង់តិ៍ទាំងអស់ មកអង្គុយជជែកគ្នា បើសិនជានៅតែធ្វើល្មើសច្បាប់ទៀត ឱ្យបិទអាជ្ញាបណ្ណ័រោងចក្រនេះតែម្ដង។ គាត់អ្នកដឹកឱ្យគេរោងចក្រស៊ីម៉ង់ត៍នេះ។ ចឹងយើងត្រូវពិភាក្សាគ្នាជាមួយក្រសួងឧស្សាហកម្មក្រសួងរ៉ែនិងថាមពល ដែលជាម្ចាស់គ្រប់គ្រងពីលើនេះ តើរោងចក្រនេះមិនគោរពទេនៅតែដល់ ៨០ តោន ត្រូវយកជញ្ជីងចល័តចាប់ឲ្យបានគ្រប់ខេត្តទាំងអស់ ។
យោងតាមរបាយការណ៍ពីរាជរដ្ឋាភិបាល បានឲ្យដឹងថា ការងារដឹកជញ្ជូនលើសទម្ងន់បានធ្វើឲ្យមហន្តរាយផ្លូវថ្នល់យ៉ាងឆាប់រហ័ស និងបានខាតបង់ថវិកាជិត២០០លានដុល្លារ ក្នុង១ឆ្នាំៗ ទៅលើការថែទាំនិងជួសជុលផ្លូវឡើងវិញ ។
ច្បាប់ស្តីពីផ្លូវថ្នល់បានកំណត់ថា បើអ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ធ្វើឲ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវថ្នល់ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់៤លានរៀល ។ ដោយឡែក បើមន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឲ្យរថយន្តផ្ទុកលើសទម្ងន់ធ្វើឲ្យស្រុតផ្លូវ ផ្លូវថ្នល់ឬបែកលូកាត់ទទឹងផ្លូវថ្នល់ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារី ៕