ក្រសួងសាធារណការ ឲ្យបិទយានដ្ឋានកែច្នៃ និងដំឡើងយានយន្តខុសច្បាប់ឲ្យអស់ ត្រឹមក្នុងខែធ្នូនេះ

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ.០៥.១២.២០១៩ ៖

ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា នៅត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ ត្រូវបិទយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេស ដែលអត់មានច្បាប់អញ្ញាតធ្វើអាជីវកម្មឲ្យអស់ ដើម្បីងាយស្រួលដល់ការគ្រប់គ្រងរថយន្ត និងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនិង ជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ទៅនឹងមិនត្រូវឲ្យមានយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេសដែលអត់មានច្បាប់អញ្ញាតធ្វើអាជីវកម្មទៀតនោះឡើយ។
វិធានការនេះ ធ្វើឡើងក្រោយរកឃើញថា មកដល់បច្ចុប្បន្ន នៅយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេស ដែលអត់មានច្បាប់អញ្ញាតនៅតែបន្តល្មើសធ្វើអាជីវកម្ម ស្របគ្នានឹងយានដ្ឋានដែលមានច្បាប់អនុញ្ញាត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធររាជធានី ខេត្តសហការរួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ដ បិទបញ្ចប់កន្លែងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេសដែលអត់មានច្បាប់ឲ្យអស់នៅត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ តាមរយៈចុះត្រួតពិនិត្យឲ្យបានហ្មត់ចត់គ្រប់យានដ្ឋានជួសជុល និងដំឡើងរថយន្តទាំងអស់។
សំឡេង «ខ្ញុំសូមជំរុញដល់អាជ្ញាធរដែនដីទាំង ២៥ ខេត្តក្រុង ត្រូវតែចុះត្រួតពិនិត្យ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ពិនិត្យឲ្យបានគ្រប់កន្លែងយានដ្ឋានជួសជុលនិងយានដ្ឋានកែច្នៃដំឡើងរថយន្តខុសបច្ចេកទេស អោយអស់តែម្តងទៅនៅក្នុងឆ្នាំ ២០១៩ នេះ កុំឲ្យគ្រោងការណ៍ថ្មី និងយន្តការថ្មី សម្រាប់ថ្ងៃក្រោយទៀត ត្រូវតែមានការកែច្នៃយានដ្ឋាន ឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវ ពីព្រោះយើងជាម្ចាស់អំណាចត្រូវតែឲ្យគេអនុវត្តតាមយើងវិញ។ ដូច្នេះខ្ញុំសូមសំណូមពរ ធ្វើយ៉ាងម៉េចត្រូវដោះស្រាយឲ្យបានត្រឹមចុងខែ ១២នេះ ឱ្យវា អស់ទៅ ហើយនៅឆ្នាំ ២០២០ គ្រប់យានដ្ឋានកែឆ្នៃយន្ត ត្រូវតែមានច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវគ្រប់ទីកន្លែង»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា បច្ចុប្បន្នយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដសរុបចំនួន៣៥៥៦កន្លែង មានច្បាប់អនុញ្ញាតចំនួន ២៧៩៥កន្លែង និងគ្មានច្បាប់អនុញ្ញាតចំនួន ៧៦១កន្លែង ក្នុងនោះយានដ្ឋានជួសជុលមានចំនួនសរុប ៣២៨១ កន្លែង មានច្បាប់អនុញ្ញាតចំនួន ២៥៤១ កន្លែង និងគ្មានច្បាប់ចំនួន៧៤០កន្លែង។ រីឯយានដ្ឋានកែច្នៃដំឡើងមានចំនួនសរុប ២៧៥ កន្លែង ដោយមានច្បាប់អនុញ្ញាតចំនួន ២៥៤ ខណៈគ្មានច្បាប់ចំនួន ២១ កន្លែង៕