ក្រសួងសាធារណៈការ គ្រោងសិក្សាគន្លងផ្លូវពិសេសសម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ៖

ក្រសួងសាធារណៈការ គ្រោងសិក្សាគន្លងផ្លូវពិសេសសម្រាប់រថយន្តក្រុង ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចណ៏ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈមួយនេះ អោយកាន់តែល្អប្រសើរឡើងថែមទៀត ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖     ថ្លែងក្នុងវេទិកាសំណេះសំណាលស្តីពីការចល័តភាពក្នុងទីប្រជុំជន កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងតែពិចារណាក្នុងការសហការគ្នាជាមួយសាលារាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យមានផ្លូវគន្លងពិសេសសម្រាប់រថយន្តក្រុង ដើម្បីសម្រួលដល់ការធ្វើដំណើរ ឲ្យកាន់តែមានភាពងាយស្រួលលឿនរហ័ស កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្កើតក្រុមការងារពិសេសមួយ សិក្សាពីបញ្ហានេះដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ។ ចឹងខ្ញុំក៍ចូលក្នុងគណៈកម្មាការហ្នឹងដែរ យើងបានសិក្សាហើយផ្លូវមួយណាឲ្យទៅតែមួយទិសទេ ដោយសារភ្លើងស្តុបនៅកន្លែងខ្លះមានកកស្ទះយើងត្រូវដោះស្រាយវាតាមរបៀបណា ហើយផ្លូវខ្លះមិនឲ្យមានចតរថយន្តទេ ហើយនិងពិភិក្សាថាផ្លូវមួយណាជាផ្លូវពិសេសសម្រាប់រថយន្តក្រុងយើងនិងសិក្សាដល់ពេលចប់យើងនិងផ្សព្វផ្សាយ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៤ រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញមានតែ៥៧គ្រឿង ប៉ុណ្ណោះ ដែលបំរើសេវាដឹកអ្នកដំណើរ មានមនុស្សជិះតែ៤០០០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្ន រថយន្តក្រុងសម្រាប់បំរើសេវាសាធារណៈមានចំនួន ២៣៥គ្រឿងដែលមានអ្នកដំណើរជិះចំនួន១៥០០០នាក់ក្នុងមួយថ្ងៃ។