កូរ៉េខាងជើងព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនឱ្យពិភាក្សាអំពីសិទ្ធិមនុស្ស

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ប្រទេសកូរ៉េខាងជើងបានព្រមានក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៤ខែធ្នូ ថា រាល់ការពិភាក្សាណាមួយពីបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើង គឺជា“ការបង្កហេតុដ៏ធ្ងន់ធ្ងរ” ជាមួយ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៥ ខែធ្នូ ឆ្នាំ ២០១៩។
បើតាម លិខិតរបស់លោក គីម សុង (Kim Song) ឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុងព្យុងយ៉ាងសូមធ្វើការព្រមានថ គម្រោងស្នើសុំការប្រជុំពិភាក្សាស្តីពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើងគឺជាសកម្មភាពដែលប្រកាន់ខ្ជាប់គោលនយោបាយអរិភាពរបស់អាមេរិក ដែលវិធីនេះមិនអាចបន្ថយភាពតានតឹងនៅនៅឧបទ្វីបកូរ៉េនិងការដោះស្រាយបញ្ហានុយក្លេអ៊ែរបានឡើយ។
សូមបញ្ជាក់ថា ការផ្ញើសារព្រមានរបស់ឯកអគ្គរដ្ឋទូតរបស់កូរ៉េខាងជើងនេះ ដោយសារសមាជិកជាច្រើននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ រូបមានគម្រោងស្នើសុំការប្រជុំនៅខែធ្នូនេះស្តីពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង៕
ប្រភព៖សារព័ត៌មាន Channel News Asia