បិទកន្លែងទឹកធ្លាក់ចំនួន៦ ដោយសារភ្លៀងឃ្លាំងក្នុងប្រទេសថៃខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩​ — ខ្យល់មូសសុងភាគឦសានដ៏ខ្លាំងដែលវាយប្រហារប្រទេសថៃភាគខាងត្បូងថ្មីៗនេះ កាលពីថ្ងៃពុធនេះ បានបង្ខំឱ្យបិទកន្លែងទឹកធ្លាក់ចំនួន៦ នៅក្នុងខេត្តណាខនស៊ីធម្មរ៉ាត នៅភាគខាងត្បូង  ។

លោក Wikran Thuakao  ប្រធានឧទ្យានជាតិ Khao Luang  នៅក្នុងខេត្តណាខនស៊ីធម្មរ៉ាត បាននិយាយថា យើងកំពុងប្រកាសបិទជាបណ្តោះអាសន្នកន្លែងទឹកធ្លាក់ Phram Lok , Aikhiao ,Karom , Tha Phae , Krung Ching  និង Nuea Fa  ដោយសារភ្លៀងធ្លាក់ខ្លាំងនិងទឹកហូរចេញ ។

លោក Wikran   ក៏បានព្រមានដល់សហគមន៍នានាផងដែរ​ ដែលស្ថិតនៅខ្សែទឹកខាងក្រោមពីទឹកហូរចេញដែលអាចមាន  ។

នៅពេលជាមួយគ្នានោះដែរ យោធភូមិភាគ៤ នៅខេត្តណាខនស៊ីធម្មរ៉ាត បាននិយាយថា ពួកគេបានរៀបចំដើម្បីផ្តល់ជំនួយទៅឱ្យពួកជនរងគ្រោះទឹកជំនន់ជាមួយទឹកផឹក និងជម្រកបណ្តោះអាសន្ន បើស្ថានការណ៍ទឹកជំនន់កាន់តែអាក្រក់ទៅនោះ  ។

កាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់  – អូ-  ចា បានណែនាំដល់បណ្តាទីភ្នាក់ងាររដ្ឋឱ្យផ្តល់ជំមួយជាបន្ទាន់ដល់ពួកជនរងគ្រោះទឹកជំនន់ នៅក្នុងខេត្តណាខនស៊ីធម្មរ៉ាត នៅជ្រៅទៅខាងត្បូងរបស់ប្រទេសថៃ ដែលនៅទីនោះ មនុស្ស ៤១.៣៦៩ នាក់ត្រូវបានប៉ះពាល់ ៕

(ប្រភព ស៊ីនហួ  បកប្រែដោយលោក ប៉ិនមឿន )