សហរដ្ឋអាមេរិកមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថលជាមួយកម្ពុជា

វិទ្យុជាតិកម្ពុជា៖

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គោលបំណងរបស់ឯកឧត្តមជួបជាមួយ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៩នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឌីជីថល រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានទទួលស្គាល់ពីការរីកលូតលាស់នៃវិស័យទូរស័ព្ទចល័តនៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ទូរស័ព្ទច្រើនជាងគេ ក្នុងចំណោមប្រទេសនៅក្នុងតំបន់។
ឯកឧត្តម បានបង្ហាញពីកិច្ចសហការល្អរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា និង ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក ហៅកាត់ (USABC) នាពេលកន្លងមក ព្រមទាំងរំពឹងថានឹងមានការិយាល័យតំណាងUSABCនៅកម្ពុជានាពេលខាងមុខ ហើយការទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកទ្វេរឡើងថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានស្វាគមន៍ ចំពោះវត្តមានរបស់ឯកឧត្តម W. Patrick Murphy ដែល រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចថ្មី មកបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត រវាងប្រទេសទាំងពីរ៕