កិច្ចប្រជុំ AIMFនៅរាជធានីភ្នំពេញបិទបញ្ចប់ដោយប្រកាសគាំទ្រឱ្យសមាជិកណាដែលមានគម្រោងថែរក្សាបរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ចេម ហួត  និងកញ្ញាទុយ សូលីដា

 

ភ្នំពេញ៖ កិច្ចប្រជុំ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំង ហៅកាត់ AIMF ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយជោគជ័យហើយ​ ដោយបានប្រកាសគាំទ្រដល់សមាជិកទាំងអស់ឱ្យលើកជាគម្រោងល្អៗបំរើដល់ជីវភាពរស់ប្រជាពលរដ្ឋ និងលើកកម្ពស់បរិស្ថានក្នុងទីក្រុង។

 

ថ្លែងក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់ កិច្ចប្រជុំ មហាសន្និបាតលើកទី៣៩ នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសារបារាំងនារសៀលថ្ងៃទី៤ ខែធ្នូនៅសណ្ឋាគាសុខាភ្នំពេញ ឯកឧត្តម  Robert Beugre MAMBE អគ្គលេខាធិការ AIMFបានលើកឡើងថា អង្គប្រជុំបានឯកភាពជួយគាំទ្រទាំងថវិកា និងបច្ចេកទេសដល់បណ្តាទីក្រុងជាសមាជិកដែលមានគម្រោងការពារបរិស្ថាន  ការជួយជនភាសខ្លួន បច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម។

 

អង្គប្រជុំបានយកចិត្តទុកដាក់ចំពោះភាពធនរបស់រាជធានី ឬក្រុងណាមួយដែលក្រោយពីរងការខូចខាត គ្រោះថ្នាក់ដោយសង្គ្រាម ឬធម្មជាតិ ហើយធ្វើឱ្យ​​មានការអភិវឌ្​​ឍឡើងវិញបាន។

 

ឯកឧត្តម អគ្គលេខាធិការ AIMFក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​​មហាសន្និបាតនេះផងដែរ ដោយរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ បច្ចេកទេស និងការទទួលបដិសណ្ឋារកិច្ចភ្ញៀវជាដើម។

 

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា  ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ AIMFលើកទី៣៩ ជាមោទនភាពខ្ពស់​សម្រាប់​ប្រទេសកម្ពុជាឱ្យប្រាប់ពិភពលោថា រាជធានីភ្នំពេញមានការអភិវឌ្ឍខ្ពស់បន្ទាប់ពីរងគ្រោះដោយសារសង្គ្រាម  និងបញ្ជាក់ថា កម្ពុជាមានសន្តិភាពពេញលេញ។

 

ប្រទេសកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៣៩ និងដើម្បីអបអរ​សាទរ​ខួបលើក​ទី៤០នៃសមាគម​នេះ នៅរាជធានីភ្នំពេញ ពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានគណៈប្រតិភូនៃទីក្រុង និងសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិចូលរួមចំនួន៤០២ នាក់ មកពី៤១ប្រទេសដូចជា៖ ប្រទេសបារាំង ប្រទេសហៃទី  ប្រទេសកុងហ្គោ ប្រទេសរ៉ូវ៉ាន់ដា  និងប្រទេសកាំម៉ារ៉ូន ជាដើម។

 

សូមបញ្ជាក់ថា បន្ទាប់ពីបានចូលរួមប្រជុំនៅរាជធានីភ្នំពេញហើយ គណៈប្រតិភូនៃ សមាគមអន្តរជាតិអភិបាលក្រុង​ប្រើប្រាស់ភាសា​​បារាំងបាន​​អញ្ជើញ​ទៅ​ទស្សន​កិច្ចប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន ប្រសាទអង្គរវត្តដើម្បីបានឃើញពីសម្បត្តិវប្បធម៌ និងអរិយធម៌របស់ខ្មែរ មុនពេលត្រឡប់ទៅ​ប្រទេសរបស់​ពួកគេវិញ ហើយនឹង​ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយផងដែរ៕