ប្រធានសមាគមបណ្ណារក្ស រំពឹងថា ពិព័រណ៍សៀវភៅឆ្នាំ២០១៩នេះ នឹងមានអ្នកចូលរួម ប្រមាណជាង១០ម៉ឺននាក់

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា០៤ ១២ ១៩៖

ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា បានអះអាងថា ពិព័រណ៍សៀវភៅឆ្នាំ២០១៩នេះ នឹងមានអ្នកចូលរួម ប្រមាណជាង១០ម៉ឺននាក់ ខណៈដែលពិព័រណ៍នេះ នឹងបើកឱកាសដល់សិស្ស និស្សិត និងយុវជនចូលរួមទស្សនា និងអានសៀវភៅដោយសេរី ។

លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងជានាយកអង្គការស៊ីប៉ា បានឲ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះ នឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូខាងមុខនេះ នៅបណ្ណាល័យជាតិ ។លោក រំពឹងថា នឹងមានសិស្ស និស្សិត និងយុវជនចូលរួមទស្សនា និងអានសៀវភៅ ជាង១០ម៉ឺននាក់។

ក្នុងសន្និសីទការសែត ស្ដីពីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ កាលពីព្រឹកថ្ងៃទី ០៤ ខែធ្នូ នៅបណ្ណាល័យជាតិ លោក បានបញ្ជាក់ថា ការរៀបចំពិព័រណ៍សៀវភៅកម្ពុជានេះ គឺក្នុងគោលបំណងបំផុសគំនិតសិស្ស និស្សិត និងយុវជនកម្ពុជា ឲ្យចូលរួមអានសៀវភៅឲ្យបានច្រើន ដើម្បីកាន់តែមានសមត្ថភាព ក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក ក៍បានអំពាវនាវឲ្យសិស្ស និស្សិត និងយុវជនកម្ពុជាចូលរួមការការតាំងពិព័រណ៍សៀវភៅនេះ ឲ្យកាន់តែច្រើន ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន ឲ្យទទួលបានចំណេះដឹងបន្ថែមទៀត ។
កញ្ញា សុខ សុជាតា និសិ្សតសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា ការតាំងពិព័រណ៍សៀវភៅនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យសិស្ស និស្សិត និងយុវជនកម្ពុជាអាចទទួលបានចំណេះដឹងបន្ថែម ជាពិសេសទទួលបានចំណេះដឹងថ្មីៗ នៅក្នុងសៀវភៅ ដែលទើបតែនិពន្ធ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានផ្ដល់សៀវភៅចំនួន២ម៉ឺនក្បាលចែកជូនដោយឥតគិតថ្លៃ ក្នុងការតាំងពិព័រណ៍សៀវភៅនេះ និងមានស្ដង់ចូលរួមចំនួន ១៤៣ស្ដង់ផងដែរ៕