មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផ្សព្វផ្សាយរបាយការណ៍អំពីការអភិវឌ្ឍនៅកម្ពុជា

វិទ្យុជាតិកម្ពុជា អត្ថបទ ៖ យី វិច្ឆិកា ០៤ ១២ ២០១៩ ៖

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផ្សព្វផ្សាយរបាយការណ៍អំពីការអភិវឌ្ឍនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មានឲ្យប្រជាពលរដ្ឋយល់ដឹងអំពីផលប្រយោជន៍នៃគម្រោងអភិវឌ្ឍន៍នីមួយៗ។

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយព័ត៌មាននៃការស៊ើបអង្គេតអំពីការអភិវឌ្ឍនៅកម្ពុជា នាសណ្ឋាគារ សាន់វ៉េ ព្រឹកថ្ងៃទី៣ ខែ ធ្នូនេះ លោក ដានីឡូ កាស្ពេ នាយកប្រតិបត្តិស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា(CCIM) បានបញ្ជាក់ថា ការផ្សព្វផ្សាយរបាយការណ៍នេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ បានដឹងកាន់តែច្បាស់ទាំងផលប្រយោជន៍ និងផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍនីមួយៗនៅក្នុងប្រទេសកម្ពុជា។

លោក បានឲ្យដឹងថា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានប្រើរយៈពេល ៥ ខែ ចាប់ពីខែ កក្កដា រហូតដល់ខែ វិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីស៊ើបអង្គេតលើគម្រោងចំនួន ៤ រួមគម្រោងវិនិយាគលើដីសម្បទានសេដ្ឋកិច្ចនៅខេត្តព្រះវិហារ ការហូរចូលជនជាតិចិនមកវិនិយោកនៅខេត្តព្រះសីហនុ គម្រោងវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនៅខេត្តកំពត និងគម្រោងវិនិយោគដី សម្បទានសេដ្ឋកិច្ចនៅខេត្តមណ្ឌលគិរី។ លោកបន្តថា ការស្រាវជ្រាវនេះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីអ្វីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា និងឲ្យប្រជាពលរដ្ឋអាចទាញរកផលចំណេញពីគម្រោងអភិវឌ្ឍន៍ទាំងនេះ។

«ដូច្នេះជាមួយវេទិកានេះ CCIM ផ្តល់ព័ត៌មានជូនដល់ពលរដ្ឋ មានអ្វីចំណេញដល់ពួកគេ ដូច្នេះព័ត៌មានមួយចំនួនខ្វះការផ្សព្វផ្សាយពុំមានការយល់ដឹងគ្រប់គ្រាន់ ស៊ីជម្រៅនោះទេ។ ដូច្នេះយើងព្យាយាមដើម្បីឲ្យយើងមានគម្រោងដាក់ចូលនូវអ្វីពាក់ព័ន្ធ និងផលិតនូវរបាយការណ៍មួយដែលច្បាស់លាស់ដើម្បីផ្តល់ឲ្យមានការយល់ដឹងព័ត៌មានមួយដ៏ជឿជាក់ ដែលកើតឡើងនៅក្នុងប្រទេសទាក់ទងនឹងការអភិវឌ្ឍ បញ្ហានានា ដូចជាការផ្តល់ដីសម្បាទាន រឺក៏តំបន់សេដ្ឋកិច្ច។ ដូច្នេះការបន្តយ៉ាងធំធេងហើយ និងការសាងសង់យ៉ាងលឿនបំផុតក្នុងប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា ការស៊ើបអង្គេតអំពីការអភិវឌ្ឍនៅកម្ពុជានេះ ធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា តែងតែជំរុញការងារអនុវត្តន៍ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ពីគម្រោងវិនិយោគនានារបស់ក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលទៅលើផ្នែករុករករ៉ែ វារីអគ្គិសនី រុករកប្រេង និងឧស្ម័ន ជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ និងដើម្បីបុព្វហេតុកិច្ចគាំពារ បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ៕