ចិនចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិចកម្ពុជា-ចិន នៅកម្ពុជា ដោយផ្តោតសំខាន់លើដំណាំដូង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ — ចិនចង់បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មតំបន់ត្រូពិចកម្ពុជា-ចិន នៅកម្ពុជា ដើម្បី សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកវិទ្យាទំនើបលើការដាំដុះ ប្រមូលផល ផលិតពូជ វិធានការការពារជំងឺ សត្វល្អិត និងកែច្នៃដំណាំ ពិសេសផ្តោតសំខាន់ទៅលើការនាំ ចេញដំណាំដូងពីកម្ពុជា។

លោក Wang Yeqiao នាយកគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន Hainan State Farms Holding Group Co., Ltd  មកពីខេត្តហាយណានបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសថៃបាន ធ្វើការនាំចេញផ្លែដូងទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនរាប់រយលានដុល្លារក្នុងមួយ ឆ្នាំៗ ដោយឡែកកម្ពុជាមានលក្ខណៈភូមិសាស្រ្តទឹក ដី និងបរិស្ថាន មិនខុសពីប្រទេសថៃ ដូច្នេះ បើគម្រោងនៃការបង្កើតនេះទទួលបានជោគជ័យនោះ កម្ពុជាត្រូវបានគេទទួលស្គាល់ លើឆាក អន្តរជាតិកាន់តែច្រើនឡើងតាមរយៈផលិតផលកសិកម្មតំបន់ត្រូពិច ជាពិសេស ដំណាំដូង ។

លោកបន្តថា ផ្លែដូងគឺមានសក្តានុពលនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគត ហើយកម្ពុជាមានផលិតផលនេះនៅក្នុងដៃ គ្រាន់តែនៅមិនទាន់បានឱ្យ តម្លៃទៅលើការអនុវត្ត បច្ចេកទេសដាំដុះ ប្រមូលផល វេចខ្ចប់ ចងក្រងកម្លាំងផលិត និងនាំចេញតែប៉ុនណ្ណោះ។ ហេតុផលនេះ ខេត្តហាយណានដែលជាខេត្តមានសក្តានុពលលើដំណាំនេះចង់មក រកដៃគូ វិនិយោគដំណាំដូងនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារចិន។

ឯកឧត្តម វេង សាខុន  រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្តែងការស្វាគមន៍ និងគាំទ្រ ចំពោះឆន្ទ:បង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្មដំណាំត្រូពិចកម្ពុជា-ចិន និងការវិនិយោគ លើដំណាំដូងនៅកម្ពុជារបស់ខេត្តហាយណាន ព្រោះថាវាស្របពេលដែលក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលបាន ដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់លើការងារ ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មទាន់សម័យឱ្យដល់ដៃអ្នកផលិត ដើម្បីធានា បានបរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសនោះ មជ្ឈមណ្ឌលនេះមិនគ្រាន់តែជាថ្នាលសាប ព្រោះនូវចំណេះដឹង ផ្នែកបច្ចេកវិទ្យាកសិកម្ម វៃឆ្លាតតែប៉ុណ្ណោះទេ តែវានឹងជួយប្រាប់ទៅប្រទេសនៅក្នុងតំបន់ និងអន្តរជាតិថា កសិផលកម្ពុជាមានសក្តានុពលសម្រាប់ធ្វើការប្រកួតប្រជែងទីផ្សារនាំចេញ ហើយរាជរដ្ឋាភិបាល ពិតណាស់ បាន និងកំពុងអនុវត្តន៍នូវគោលនយោបាយនៃការ ជំរុញការនាំចេញផលិតផលកសិកម្មយ៉ាងសកម្មទាំងពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ពិតណាស់កម្ពុជាមានសក្តានុពលលើដំណាំនេះ ប្រសិនបើយើងបញ្ចូលបច្ចេកទេសដាំដុះសមស្របមួយឱ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត យើងសង្ឃឹមថាផលិតផលដូងនឹងមានតម្លៃបន្ថែមខ្ពស់ ដោយសារ មានតម្រូវការទីផ្សារ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនគណ:ប្រតិភូថាក្រសួង ក៏ដូចជារាជរដ្ឋាភិបាលនឹងផ្តល់កិច្ចសហការពេញលេញ ដើម្បីជួយសម្រួលដល់ការវិនិយោគ ធ្វើយ៉ាងណាឱ្យគម្រោងកិច្ចសហប្រតិបត្តិការនេះសម្រេចទទួលបានជោគជ័យ៕

ដោយ ម៉ៅ ចរិយា