ក្រសួងសាធារណការថា ស្លាកលេខរថយន្តដែលគ្មានQR Code នឹងអាចទៅដូរថ្មីដោយគ្មានបង់ថ្លៃឡើយ

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៤ ១២ ២០១៩៖

 

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ស្លាកលេខរថយន្តដែលគ្មានQRCode នឹងអាចទៅដូរយកស្លាកលេខថ្មីដែលមាន QR Code ដោយគ្មានការតម្រូវឲ្យបង់ប្រាក់នោះឡើយ ក្រោយពេលមានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុញ្ញាតសម្រួលរាល់ការចំណាយថ្លៃសេវានេះ ខណៈ ដែលបច្ចប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃគម្រោងសំណើចរចារវាងក្រសួងទាំងពីរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនិង ជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្រសួងបានដាក់លិខិតស្នើទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគម្រោងចំណាយថវិការដ្ឋប្រមាណ៣លានដុល្លារ សម្រាប់ចំណាយដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានរថយន្តប្រើប្រាស់ស្លាកលេខចាស់គ្មានQR Code ទាំងអស់ សុំប្តូរយកស្លាកលេខថ្មីដែលមាន QR Code ដោយពុំចាំបាច់បង់ថ្លៃសេវា។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រថយន្តដែលត្រូវសុំប្តូរស្លាកលេខថ្មីមាន QR Code ត្រូវតែធ្វើបច្ចុប្បន្នភាព ដូចជាការផ្ទេរឈ្មោះម្ចាស់កម្មសិទ្ធិចុងក្រោយ និងទីលំនៅត្រឹមត្រូវពិតប្រាកដ។ ឯកឧត្តម មានប្រសាសន៍ថា ការតម្រូវឲ្យម្ចាស់រថយន្តប្រើប្រាស់ស្លាកលេខចាស់គ្មានQR Code ប្តូរយកស្លាកលេខថ្មីដែលមាន QR Code នេះ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ខណៈបច្ចុប្បន្នមានការក្លែងបន្លំទៅលើការស្លាកលេខរថយន្តក្លែងក្លាយ ឬ ហៅថា ស្លាកលេខ«សេះហោះ»។

សូមបញ្ជាក់ថា ដើម្បីងាយស្រួលដល់ការគ្រប់គ្រងរថយន្ត និងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យអាជ្ញាធររាជធានី ខេត្ដ សហការរួមគ្នាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ដ បិទបញ្ចប់កន្លែងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេសដែលអត់មានច្បាប់ឲ្យអស់នៅត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ។ វិធានការនេះ ធ្វើឡើងក្រោយរកឃើញថា មកដល់បច្ចុប្បន្ន នៅយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេស ដែលអត់មានច្បាប់អញ្ញាតចំនួន៧៦១កន្លែងទៀតបន្តល្មើសធ្វើអាជីវកម្ម ស្របគ្នានឹងយានដ្ឋានដែលមានច្បាប់អនុញ្ញាតចំនួន២.៧៩៥កន្លែង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ទៅ នឹងមិនត្រូវឲ្យមានយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ដខុសលក្ខណៈបច្ចេកទេសដែលអត់មានច្បាប់អញ្ញាតធ្វើអាជីវកម្មទៀតនោះឡើយ៕