នៅតាមជួរភ្នំដងរែកអាកាសធាតុ ចុះត្រជាក់ខ្លាំង ចន្លោះពី១២-១៣អង្សារនៅពេលព្រឹក

វិទ្យុជាតិកម្ពុជា៖


នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះអាកាសធាតុបានចុះត្រជាក់ខ្លាំងក្នុងចន្លោះពី១២ទៅ១៣អង្សារ នៅតាមជួរភ្នំដងរែក ពិសេសតំបន់ប្រាសាទព្រះវិហារ ព្រំដែនកម្ពុជា ថៃ ។ នេះបើតាមការអោយដឹងពី លោក ចាន់ ឆន មន្រ្តីទទួលបន្ទុកព័ត៌មាន នៃអាជ្ញាធរជាតិព្រះវិហារ ប្រចាំលើខ្នងភ្នំប្រាសាទព្រះវិហារ។
លោកអោយដឹងទៀតថា កាលពីឆ្នាំមុនពេលត្រជាក់ខ្លាំង កងកម្លាំង ក៏ដូចជាមន្រ្តីប្រចាំការលើខ្នងភ្នំ អាចដុតភ្លើងកម្តៅ បង្ការភាពត្រជាក់នេះប៉ុនែ្ត ឆ្នាំនេះ ទាំងកងកម្លាំង នឹងមន្រ្តីប្រចាំការនៅលើខ្នងភ្នំប្រាសាទព្រះវិហារ មានអាវរងារ នឹងថ្នាំបង្ការ គ្រប់សព្វបែបយ៉ាង ដែលទទួលបានពី សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចែកជូនកន្លងទៅ ។
តាមការព្យាកររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ អាកាសធាតុត្រជាក់នេះ នៅទូទាំងខេត្តព្រះវិហារ ពិសេសតំបន់ជួរភ្នំដងរែក នឹងអូសបន្លាយរហូតដល់ថ្ងៃទី៩ ខែធ្នូ ខាងមុខនេះ។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន បង្ការនូវជម្ងឺឆ្លងផ្សេងៗដែលអាចនឹងបណ្តាលមកពីអាកាសធាតុត្រជាក់នេះ ៕